(ភ្នំពេញ)៖ ក្រោយពីជួបប្រជុំគ្នារវាងសាលារាជធានីភ្នំពេញ និងសមាជិកគ្រួសារសព នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ ឲ្យដឹងថា ការដង្ហែសពលោក កែម ឡី ទៅខេត្តតាកែវ គឺត្រូវដង្ហែក្បួនដោយរថយន្ត និងម៉ូតូ មិនមែនការដង្ហែក្បួនដោយថ្មើរជើងទេ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា សាលារាជធានីភ្នំពេញសម្រេច ធ្វើបែបនេះសំអាងលើហេតុផលថា ចំងាយនៃការដង្ហែសព លោក កែម ឡី គឺមានចំងាយឆ្ងាយរហូតដល់ខេត្តតាកែវ ហើយម្យ៉ាងទៀត សាលារាជធានីភ្នំពេញគិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមដង្ហែ ហើយ ការធ្វើបែបនេះអាចសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងនៅតាមផ្លូវសាធារណៈ ផងដែរ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបន្តទៀតថា នៅក្នុងពិធីដង្ហែសពលោក កែម ឡី ក៏មានការដាក់ម្លាំងអាជ្ញាធរ នៅតាមបណ្តាផ្លូវដង្ហែផងដែរ ចាប់ពីវត្តចាស់ រហូតដល់ជាយរាជធានីភ្នំពេញ។ បន្ទាប់ពីក្បួនដង្ហែរំកិលចេញផុតពីជាយរាជធានីភ្នំពេញហើយនោះ សាលារាជធានីភ្នំពេញ ក៏បានចាត់កម្លាំងប្រចាំនៅតាមបណ្តោយផ្លូវទៅកាន់ខេត្តតាកែវ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខបន្តទៀត រហូតដល់គោលដៅ។
សាលារាជធានីភ្នំពេញ ទទូចសុំឲ្យប្រជាពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យ ចំពោះការមិនអនុញ្ញាតឲ្យមានការដង្ហែថ្មើរជើង នៅក្នុងពិធីដង្ហែសព លោក កែម ឡី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។ លោក ក៏ស្នើកុំឲ្យជនឱកាសនិយមឆ្លៀតយកឱកាសដ៏ក្រៀមក្រំនេះ មកកេងចំណេញ នយោបាយ ពីព្រោះអាចធ្វើឲ្យវិញ្ញាណក្ខន្ធ លោក កែម ឡី មិនអាចទៅកាន់សុគិតភព។
គួរបញ្ចាក់ថា គម្រោងនៃការដង្ហែសព លោក កែម ឡី បានពន្យារពេលម្តងរួចមកហើយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មូលហេតុជាមានការសំណូរមពររបស់សាធារណជន ដែលចង់បន្តមកចូលរួមចែករំលែកទុក្ខ នៅក្នុងពិធីបុណ្យនេះ ហើយការពន្យារ ពេលនេះគ្មាន កាលកំណត់នោះទេ។
យ៉ាងណាក៏ដោយ លើកនេះ ទាំងគណៈកម្មការ បុណ្យសព និងក្រុមគ្រួសារសព បានអះអាងយ៉ាងច្បាស់ថា ការដង្ហែសពលោក កែម ឡី ទៅបញ្ចុះនៅ គេហដ្ឋានរបស់ លោក កែម ឡី ដែលស្ថិត នៅភូមិអង្គធាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាទឹកដីកំណើតរបស់ លោក កែម ឡី ផ្ទាល់នឹងប្រព្រឹត្តទៅ នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ជាកំហិត៕