(ភ្នំពេញ)៖ លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចាត់ទុកប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាផ្នែកមួយចូលរួមចំណែកយ៉ាងសំខាន់ ដែលរុញឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា កាន់តែមានការរីកចម្រើន និងទាក់ទាញភ្ញៀវកាន់តែច្រើនបន្ថែមទៀត។

ក្នុងសិក្ខាសាលារួមគ្នារវាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន Travelport នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ លោកស្រី ឆាយ ស៉ីវលីន បានអះអាងថា បច្ចេកវិទ្យាឌីជីថល ពិសេសការកក់សំបុត្រយន្ដហោះ សណ្ឋាគារ និងរថយន្ដជាដើម តាមប្រព័ន្ធអនឡាញ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការសម្រួលដល់អ្នកទេសចរផងដែរ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ បានអះអាងថា ជាក់ស្ដែង ក្រុមហ៊ុន Travelport ជាក្រុមហ៊ុនដែលផ្ដល់ជូនសេវាកម្មកក់សំបុត្រយន្ដហោះ សណ្ឋាគារ និងរថយន្ដនៅទូទាំងពិភពលោក កំពុងតែចូលរួមចំណែកក្នុងការទាក់ទាញអ្នកទេសចរណ៍ ចូលមកកម្ពុជាកាន់តែច្រើនថែមទៀត ដែលប្រតិបត្តិការទេសចរណ៍ទាំងអស់គួរតែយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ប្រព័ន្ធនេះ។

លោកស្រី ឆាយ ស៉ីវលីន បានថ្លែងយ៉ាងដូច្នេះថា «យើងធ្វើសិក្ខាសាលានេះ ដើម្បីណែនាំដល់ប្រតិបត្តិករទេសចរណ៍លក់សំបុត្រយន្ដហោះ ទទួលការកកបានដឹងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដែលក្នុងវិស័យទេសចរណ៍ទាមទារកាន់តែខ្ពស់ទៅៗ ដើម្បីបំពេញនូវតម្រូវសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោក។ កន្លងមកយើងប្រើច្រើនហើយ ប៉ុន្ដែពីមួយដំណាក់កាលទៅមួយដំណាក់ គឺមានការវិវឌ្ឍន៍ទៅមុខ ដែលយើងចង់ឲ្យប្រតិបត្តិករទាំងអស់យល់ដឹងកាន់តែស៉ីជម្រៅ»។

លោកស្រី ឆាយ ស៉ីវលីន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ការធ្វើឲ្យកាន់តែទំនើបនូវប្រព័ន្ធបច្ចេកវិទ្យា ពិសេសការកកសំបុត្រយន្ដហោះ សណ្ឋាគារ និងរថយន្ដជាដើមនោះ សុទ្ធតែជាការចូលរួមចំណែករុញវិស័យទេសចរណ៍កាន់តែរីកចម្រើន ព្រោះប្រតិបត្តិករផ្ដល់សេវាកម្មក្នុងការកកសំបុត្រយន្ដហោះនោះ កាន់តែមានជម្រើសច្រើន កាន់តែយល់ដឹងទូលំទូលាយ និងអាចពិនិត្យទៅដល់ប្រទេសណាក៏បាន។

ជាមួយគ្នានេះ លោក Gary Harford នាយកជាន់ខ្ពស់ នៃក្រុមហ៊ុន Travelport បានលើកឡើងថា តាមរយៈការស្រាវជ្រាវលើភ្ញៀវទេសចរប្រមាណជាង២,០០០នាក់ លោកបានយល់ឃើញនូវអ្វីដែលភ្ញៀវទេសចរចង់បាន នៅពេលពួកគេធ្វើដំណើរកម្សាន្ដទាំងទីតាំង ទាំងកន្លែងស្នាក់នៅ និងទាំងមធ្យោបាយនៃការធ្វើដំណើរ ក្នុងបូករួមទាំងតម្លៃពិតប្រាកដ នៃសំបុត្រយន្ដហោះផងដែរ។

លោកបានបន្ដទៀតថា Travelport គឺជាប្រព័ន្ធមួយដែលពិភពលោកប្រើប្រាស់ ក្នុងវិស័យទេសចរណ៍ ពាក់ព័ន្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ ដូច្នេះក្រុមហ៊ុនទេសចរណ៍ទាំងអស់នៅពេលត្រូវការកក់សំបុត្រយន្ដហោះ ត្រូវប្រើប្រាស់នូវប្រព័ន្ធនេះដើម្បីដឹងច្បាស់ថា តើតម្លៃសំបុត្រយន្ដហោះណាល្អ ហើយក្រុមហ៊ុនអាកាសចរណ៍មួយណាល្អ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។

លោក Gary Harford បានអះអាងទៀតថា ប្រព័ន្ធរបស់ក្រុមហ៊ុន Travelport មិនមែនត្រឹមកក់សំបុត្រយន្ដហោះនោះទេ ពោលអាចកក់ទាំងសណ្ឋាគារ និងរថយន្ដនៅទូទាំងពិភពលោកតែម្ដង៕