(ភ្នំពេញ)៖ តាមរយៈលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្ដិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា កុមារគឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

ដោយយកគំរូតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មូលនិធិ ហោ ណាំហុង-បូរី ហោ ដែលមានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាប្រធាន បានខិតខំចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជីវិតកុមារដែលត្រូវជាចាំបាច់។ ជាក់ស្តែង គិតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី បានបរិច្ចាគថវិកា ៣៧៥,០០០ដុល្លារ ជួយជីវិតកុមារខ្សោយសតិបញ្ញា, ពិការ និងកំព្រា នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ហើយនេះជាចំណុច ដែលលោកបានរៀនសូត្រតាម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត។

លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានឲ្យដឹងថា មជ្ឈមណ្ឌលរបស់លោកស្រីមានកុមារខ្សោយសតិបញ្ញា, ពិការ និងកំព្រា សរុប ១៧០នាក់ ដែលមានតម្រូវការផ្គត់ផ្គង់ជីវិត និងការមើលថែទាំ ពីមន្ត្រី និងបុគ្គលិក។ មជ្ឈមណ្ឌល ទទួលយកតាំងកុមារដែលត្រូវបានបោះបង់ចោល ពីមន្ទីរពេទ្យគន្ធបុប្ផា និងពីទីតាំងនានា។

លោកស្រីបន្តថា ថវិការបស់ មូលនិធិ ហោ ណាំហុង-បូរី ហោ បានជួយឲ្យមជ្ឈមណ្ឌលនេះ មានលក្ខណៈរស់រវើកខ្លាំង តាមរយៈការដាក់បន្ថែមអ្នកមើលថែ ការផ្តល់អាហារសមរម្យ កន្លែងលេងកម្សាន្តល្អ កន្លែងគេងល្អ មានថ្នាក់អប់រំពិសេស បណ្ណាល័យ បន្ទប់ព្យាបាលចលនា បន្ទប់ភ្ញោចអារម្មណ៍ និងបន្ទប់សិប្បកម្មជាដើម។

លោកស្រី ថោ ពៅ បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចំពោះការយកចិត្តទុកដាក់របស់លោក និងបានសម្តែងនូវការដឹងគុណចំពោះអតីតប្រមុខការទូតកម្ពុជា ដ៏មានទេព្យកោសល្យរូបនេះផងដែរ។ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានចាត់ទុកថា ជំនួយមនុស្សធម៌របស់មូលនិធិ ហោ ណាំហុង-បុរី ហោ គឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់កុមារ ឲ្យកាន់តែមានប្រសិទ្ធភាព។

បើតាមលោកស្រី ថោ ពៅ មជ្ឈមណ្ឌលទារក និងកុមារជាតិ អាចបើកដំណើរការទៅបាន ដោយសារតែជំនួយពីរាជរដ្ឋាភិបាល និងសប្បុរសជន ក៏ដូចជាពីមូលនិធិ ហោ ណាំហុង-បូរី ហោ ជាពិសេសនោះ ជំនួយមនុស្សធម៌របស់លោកឧបនាយករដ្ឋមន្ត្រី បានជួយឲ្យកុមារកំព្រា និងពិការ ដែលរស់នៅទីនេះ មានជីវិតប្រសើរ។

សូមជម្រាបថា ទន្ទឹមនឹងការផ្តល់ជំនួយមជ្ឈមណ្ឌល ទារក និងកុមារពិការនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានឧបត្ថម្ភកុមារពិការប្រចាំខែផ្សេងទៀតជិត ៥ម៉ឺនដុល្លារ ជាពិសេសយុវជន យុវនារី ពិការទាំងដៃពីរ ពិការទាំងជើងពីរ បានប្រឡងជាប់បាក់ឌុប និងបានចូលរៀនសាកលវិទ្យាល័យហើយ៕