(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរយៈពេលមួយឆ្នាំបន្ថែមទៀត (២០២៣-២០២៤) ខណៈកិច្ចសម្របសម្រួលនេះ បានអនុវត្តន៍រយៈពេល៧ឆ្នាំរួចមកហើយ។ កិច្ចសម្របសម្រួលនេះ ធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខាធ្វើឡើង នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ង្វៀន ហុងហ្សៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ ពិធីនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរផងដែរ។
ក្នុងពិធីនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ដែលជាចលករមួយដ៏សំខាន់ក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ជាពិសេសកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តួចផ្តើមឱ្យមានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្ដ្រីវៀតណាម ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ តំណាងក្រសួងទាំងពីរ បានចុះហត្ថលេខាលើឯកសារនេះចំនួន ០៧លើក រួចមកហើយ និងបានឯកភាពបន្តសុពលភាពចំនួន ០១លើក លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ តាមផ្លូវការទូត។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានបន្តថា ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនាថ្ងៃនេះ គឺជាការចូលរួមអនុវត្តនូវស្មារតី នៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនាដើមឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិទ្វេភាគីដ៏ល្អប្រសើរ ជាពិសេសកិច្ចខិតខំបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច សំដៅជំរុញវិនិយោគ និងបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទ្បើងខ្ពស់បន្តទៀត ស្របតាមអាណត្តិ និងការ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងជាប្រពៃណី និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ជាពិសេសការផ្តួចផ្តើមឱ្យមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងកម្ពុជា និងវៀតណាម ក្នុងការរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញ ដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។
លោករដ្ឋមន្ត្រីរៀតណាម ក៏បានលើកទ្បើងផងដែរថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការជំរុញ និងលើក ស្ទួយប្រទេសជាតិ ទោះបីជាពិភពលោកបានរងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ក្នុងន័យនេះ រដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ពីសារៈសំខាន់ នៃការចុះហត្ថ លេខា និងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម ឱ្យ កាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេសទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម។
ក្នុងពិធីនោះ រដ្ឋមន្ត្រីទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ដោយបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងដើរទន្ទឹមគ្នាយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយដល់ផលិតករ អ្នកនាំចេញនាំចូល និងក្រុមហ៊ុនធុរកិច្ច សំដៅជំរុញការអនុវត្ត និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ៕