(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្នុងនាមរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន តម្លៃប្រមាណ៧,០៦៦ដុល្លារ សម្រាប់ចែកជូកសាសនិកឥស្លាមកម្ពុជា ពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តំណាងដោយ លោក Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈអំណោយនេះ បង្ហាញពីការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់។

លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលថ្មីៗនេះ បានជួយសម្រួលដល់ការនាំយកមកនូវអំណោយមនុស្សធម៌ខាងលើ និងសៀវភៅសិក្សា (កីតាប) របស់សិស្សនិស្សិតឥស្លាមកម្ពុជា ដែលបាននឹងកំពុងបន្តការសិក្សា នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ជាមួយគ្នានោះ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមកបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

ជាពិសេសទៀតនោះ លោកបណ្ឌិតក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ដែលរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបើកទូលាយ ដោយមិនបានកំណត់ចំនួនអ្នកធ្វើហាជ្ជី (បុណ្យធម្មយាត្រា) អ៊ុំរោះ សម្រាប់កម្ពុជា ដោយឆ្នាំ២០២៣នេះ ប្រជាជនមុស្លិមកម្ពុជា ជាង១,០០០នាក់ មានសិទ្ធិ និងលទ្ធភាពទៅធ្វើបុណ្យហាជ្ជីនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏បានផ្ដល់ជំនួយសម្រាប់ប្រជាជនមុស្លិមចំនួន១០០នាក់ផ្សេងទៀត ឲ្យមានឱកាសទៅធ្វើបុណ្យហាជ្ជីនេះផងដែរ។

សូមជម្រាបជូនថា នាពេលថ្មីៗនេះ អារ៉ាប៊ីសាអូឌីតកំពុងសិក្សាបើកស្ថានទូតខ្លួនប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត៕