(ភ្នំពេញ)៖ តាមធម្មវិន័យនៃព្រះពុទ្ធសាសនា នារដូវនេះ បុណ្យចូលព្រះវស្សាត្រូវបានខិតចូលមកដល់ ដែលតម្រូវឱ្យពុទ្ធបរិស័ទនានា មានកាតព្វកិច្ចជួយទំនុកបម្រុង ជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅគ្រប់ទីវត្តអារាម។ ដើម្បីជាកិច្ចបំពេញកុសល និងកិច្ចការជួយទំនុកបម្រុង ព្រះសាសនា និងសង្គមជាតិផងនោះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ បានដឹកនាំសហការី នៃក្រសួងទេសចរណ៍ នាំយកទៀនព្រះវស្សា ជាមួយនឹងបច័្ចយ និងទេយ្យវត្ថុជាច្រើនទៀត វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៥វត្ត ស្ថិតស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងចំនួន២វត្តទៀត ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ការថ្វាយប្រគេនសម្ភារខាងលើ មានរយៈពេល២ថ្ងៃ ដែលនៅថ្ងៃទី១៧ ខែកក្កដា លោក ជា បូរ៉ា និងសហការី បានចុះទៅដល់វត្តស្វាយតាយាន វត្តរាមជោ វត្តព្រៃធ្លក វត្តសាមគ្គីមុនីសាគរ និងវត្តសាមគ្គីរតនមុន្នី ស្ថិតក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ លោកបានចុះទៅដល់វត្តចំនួន២ផ្សេងទៀត មានវត្តសុវណ្ណផល្លារាម និងវត្តជ្រលង ដែលស្ថិតក្នុងឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ លោក ជា បូរ៉ា បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកាត់ឧបសគ្គ និងទុក្ខលំបាកជាច្រើនណាស់ ទំរាំទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បានដូចពេលបច្ចុប្បន្ន តួយ៉ាង រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ»។
លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមថែរក្សា និងការពារសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន និងមិនត្រូវជឿលើការអូសទាញ និងការបំពុលបរិយាកាសសង្គមពីសំណាក់ មនុស្សមួយចំនួនតូច ក្នុងន័យបង្កចលាចល អសន្តិសុខ អស្ថិរភាពក្នុងសង្គមជាតិ៕