(សៀមរាប)៖ កញ្ញា Christel Griffioen នាយកប្រចាំកម្ពុជា អង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា ថ្មីៗនេះសត្វល្មូនប្រភេទថ្មីចំនួន២ប្រភេទ គឺបង្គួយក្បាលខៀវ និងតុកកែភ្នំគូលែន ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន។

សម្រាប់ការអភិរក្សជីវៈចម្រុះរូបនេះ បានថ្លែងថា ការរកឃើញប្រភេទល្មូនសត្វល្មូនប្រភេទថ្មីចំនួន២នេះ ជាការគូសបញ្ជាក់យ៉ាងច្បាស់ថា ខេត្តសៀមរាប មិនត្រឹមតែជាកន្លែងដ៏សំខាន់បំផុតមួយផ្នែកបុរាណវិទ្យា នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ខ្លាំងសម្រាប់ជីវៈចម្រុះផងដែរ។

ការឱ្យដឹងបែបនេះ របស់កញ្ញា Christel Griffioen បានធ្វើឡើងនៅក្នុងឱកាសថ្លែងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់ការទី២ នៅទីរួមខេត្តសៀមរាប ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ជាមួយនឹងការរកឃើញវត្តមានសត្វល្មូតទាំង២ប្រភេទនេះ កញ្ញា Christel Griffioen ក៏បានប​ង្ហាញការព្រួយថា៖ «ប៉ុន្តែ តំបន់នេះកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយការប្រែប្រួលទាំងនេះបានរួមចំណែកដល់ការថយចុះយ៉ាងឆាប់រហ័សនៃចំនួនរបាយប្រជាសាស្ត្រប្រភេទសត្វជាច្រើន។ បច្ចុប្បន្ននេះ តំបន់អាស៊ីអាគ្នេយ៍ មានប្រភេទរងការគំរាមកំហែងស្ទើរតែគ្រប់ក្រុមលំដាប់ថ្នាក់ទាំងអស់ មានប្រភេទរងការគំរាមកំហែងច្រើនជាងនៅតំបន់ផ្សេងៗទៀតដែលអាចប្រៀបធៀបបាន»។

កញ្ញា Christel Griffioen បានបញ្ជាក់ថា កំណើន និងការរីកសាយភាយនៃការប្រើប្រាស់អន្ទាក់ ការប្រើប្រាស់ផលិតផលសត្វព្រៃ ជាពិសេសសាច់សត្វព្រៃ និងការរក្សាទុកសត្វព្រៃជាសត្វចិញ្ចឹមខុសច្បាប់ ការប្រើប្រាស់សំណាកសត្វព្រៃធ្វើជាឱសថបុរាណ និងគ្រឿងតុបតែងលម្អផ្សេងៗ បានពន្លឿនល្បឿននៃការថយចុះចំនួនសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។

បើតាមលោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានប្រភេទសត្វព្រៃ និងរុក្ខជាតិថ្មីៗជាង ៣៨០ប្រភេទ នៅតំបន់ទន្លេមេគង្គ រួមទាំងប្រទេសកម្ពុជា។

លោក សេង ទៀក បានបន្តថា ក្នុងចំណោមប្រភេទសត្វ និងជីវៈចម្រុះថ្មីៗដែលរកឃើញនៅតំបន់មេគង្គនេះ គឺប្រទេសកម្ពុជា មានចំនួនតិចជាងគេ ដោយសារសមត្ថភាពស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រកម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសដទៃទៀត។

គួរឱ្យដឹងថាក្រៅពីតំបន់ភ្នំគូលែន នៃទឹកដីខេត្តសៀមរាប ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ និងរកឃើញប្រភេទសត្វ និងរុក្ខជាតិកម្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់។ ប្រភេទសត្វ និងរុក្ខជាតិជីវៈចម្រុះទាំងនោះរួមមាន៖ សត្វកង្កែបស្លឹកភ្នំក្រវាញ, សត្វថ្លែនអត់ជើង, សត្វពស់ចចក, សត្វពស់អង្កាច់មាសកម្ពុជា, រុក្ខជាតិផ្តៅប្រឡាយដងពែង នៅលើភ្នំសំកុស និងរុក្ខជាតិបំពង់ស្រមោចនៅលើភ្នំទំព័រ ជាដើម។

កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយជីវៈចម្រុះដែលមានរហូតដល់ពេលនេះមានចំនួន ៦,១៤៩ប្រភេទត្រូវបានកត់ត្រា។ ចំនួនជីវៈចម្រុះនេះអាចនឹងមានការកើនឡើងទៀត ដោយសារតែមានការរកឃើញជាបន្តបន្ទាប់នូវជីវចម្រុះថ្មីៗបន្ថែមទៀត។
ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១៦២ប្រភេទសត្វស្លាប ៦០១ប្រភេទ, ឧរង្គសត្វ ១៧៣ប្រភេទ, រុក្ខជាតិតូចធំ ចំនួន ៣,១១៣ប្រភេទ, ត្រី ១,៣៥៧ប្រភេទ, សត្វឆ្អឹងខ្នង ៦៧១ប្រភេទ, ថលជលិក ៧២ប្រភេទ ក្នុងនោះក៏មានផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទស្មៅសមុទ្រ ១០ប្រភេទ។