(ភ្នំពេញ)៖ លោក IL Young Park នាយកប្រតិបត្ដិធនាគារពិភពលោក (World Bank) បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ ឈានទៅបើកដំណើរការប្រទេស ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញយ៉ាងឆាប់រហ័ស ចាប់ពីចុងឆ្នាំ២០២១កន្លងទៅ។

ការថ្លែងបែបនេះរបស់នាយកប្រតិបត្ដិធនាគារពិភពលោក ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោកនាយកប្រតិបត្តិ World Bank បានថ្លែងបន្ដថា សូមអបអរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះបានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញយ៉ាងឆាប់រហ័ស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះលោកនាយកប្រតិបត្តិ World Bank បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បុគ្គលិកធនាគារពិភពលោក ព្រមទាំងសមាជិកគ្រួសារ របស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ។

លោកនាយកប្រតិបត្តិ World Bank ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ ដែលអាចឱ្យធនាគារពិភពលោក អាចបំពេញបេសកកម្ម របស់ខ្លួនដោយជោគជ័យ ។លើសពីនេះទៀត លោកនាយកប្រតិបត្តិ World Bank ក៏បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី ក្នុងការជំរុញឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ទៅតាមគោលដៅដែលបានគ្រោងទុក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកនាយកប្រតិបត្តិ Wrold Bank ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានដឹកនាំគណៈប្រតិភូ មកសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។

លើសពីនោះ លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៩៧ តាមរយៈគម្រោងមួយចំនួនដូចខាងក្រោម៖
* គម្រោងប្រយុទ្ធនឹងជំងឺឆ្លង និងការអភិវឌ្ឍន៍សុខាភិបាល (១៩៩៧-២០០២)
* គម្រោងគាំទ្រវិស័យសុខាភិបាល ២០០៣-២០១១
* គម្រោងគាំទ្រវិស័យសុខាភិបាលជំហ៊ានទី២ ២០០៨-២០១៦
* គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី១ (២០១៦-២០២២ )
* គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ២០១៩-២០២៤
* គម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ-១៩ ២០២០-២០២២
* គម្រោងពង្រឹងប្រព័ន្ធអប់រំមុនសេវា សម្រាប់វិជ្ជាជីវៈសុខាភិបាល ២០២០-២០២៦
* គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (២០២២-២០២៧)។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានសម្តែងនូវការកោតសរសើរ ចំពោះធនាគារពិភពលោក ដែលបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល និងឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេស គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល៕