(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០១៦ នេះបានចុះឃាត់ខ្លួន ស្រ្តី២ នាក់ បន្ទាប់ពីបានធ្វើសកម្មភាព លួងលោម ក្មេងស្រីអាយុជាង១ឆ្នាំ ឲ្យទៅកន្លែងស្ងាត់ រួចចាប់ច្របាច់ក គំរាមឲ្យដោះក្រវិលទំងន់១ជីមាស នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំទី៤ ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
លោកនាយប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនស្រ្តីសង្ស័យទាំង២នាក់នេះ គឺម្តាយក្មេងស្រីរងគ្រោះបានឃាត់យកមកឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំ ដោយបាននិយាយរៀបរាប់ថា កាលពី២ថ្ងៃមុនគាត់បាននាំកូនស្រី របស់គាត់មកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផាហើយស្រ្តីជាជនសង្ស័យទាំងពីរ នាក់ខាងលើក៏បានមកនិយាយលេង ជាមួយស្រ្តីរងគ្រោះនិងបានប្រើល្បិច ឲ្យទៅកន្លែងស្ងាត់ក្នុងតំបន់ ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយក៏ចាប់បង្ខំឲ្យស្ត្រីរងគ្រោះដោះក្រវិល កូនស្រីបានសម្រេស ហើយរត់គេចខ្លួនបាត់ ។
បន្ទាប់មកស្រាប់តែ២ថ្ងៃក្រោយមកនៅថ្ងៃទី២០ ខែកក្ដដានេះ ស្រ្តីសង្ស័យបានត្រលប់ មកមន្ទីរពេទ្យគន្ធបុប្ផាវិញ ដើម្បីប្រើល្បិចបោកអ្នកផ្សេងទៀត ក៏ជួបនិងស្រ្តីរងគ្រោះនាំគ្នាចាប់ជនសង្ស័យជាប់ រួចប្រគល់ឲ្យ សមត្ថកិច្ចតែម្តង ។ លោកនាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្រះចក បានបន្តទៀតថា ស្ត្រីជាប់សង្ស័យទាំង២នាក់នេះ នៅមិនទាន់ស្គាល់ឈ្មោះនោះទេ ព្រោះកំពុងឃាត់ខ្លួនសួរនាំ។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើនេះ ត្រូវបានឃុំខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ហើយ ៕