(សៀមរាប)៖ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តសៀមរាប អង្គការសង្គមស៊ីវិល ក្រុមអ្នកសារព័ត៌មាន និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សជាង ៥០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីខេត្តសៀមរាប។

ពិធីបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តសៀមរាប ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ព្រមទាំងថ្នាក់ដឹកនាំខេត្តកោះកុង គ្រប់លំដាប់ថ្នាក់។

ខេត្តសៀមរាប គឺជាខេត្តទី១០ ហើយដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យ។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួន៥គឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងប៉ៃលិន។

យុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តសៀមរាប ធ្វើឡើងក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសៀមរាប ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើង ក្នុងចំណោមសាធារណជន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើង ក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន ទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យ ចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានគូសបញ្ជាក់ថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិ សរុបប្រមាណ ២៨១,៥៣០ហិកតា ដែលតំបន់ការពារធម្មជាតិទាំងនោះរួមមានទី១៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន», ២៖ ដែនជម្រកសត្វព្រៃបឹងពែរ, ៣៖ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព, ៤៖ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ៥៖ តំបន់ការពារទេសភាពអង្គរ, ៦៖ តំបន់ការពារទេសភាពទំនាប ខាងជើងបឹងទន្លេសាប, ៧៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និង៨៖ តំបន់រ៉ាមសារ បឹងទន្លេឆ្មារ ដែលមាន៤ ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រង រួមមានទី១៖ ការិយាល័យឧទ្យានជាតិ, ទី២៖ ការិយាល័យដែនជម្រកសត្វព្រៃ, ទី៣៖ ការិយាល័យ ការពារទេសភាព និងទី៤៖ ការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាងដែលមានមន្ត្រីឧទ្យានុក្សចំនួន១០១នាក់ /ស្ត្រី៥នាក់ មានស្នាក់ការ និងស្នាក់ការរង ចំនួន២៦ស្នាក់ការ។

អន្ទាក់ គឺជាឃាតករលាក់មុខ ហើយបាននឹងកំពុងគំរាមកំហែងខ្លាំង ចំពោះការរស់រានរបស់សត្វព្រៃ។ អន្ទាក់បានបង្កឱ្យសត្វព្រៃមួយចំនួន បានបាត់បង់ពីក្នុងព្រៃធម្មជាតិ ខណៈកំពុងធ្វើឱ្យចំនួនសត្វព្រៃមួយចំនួនធ្លាក់ចុះ។ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានផ្តួចផ្តើម និងដឹកនាំរៀបចំឡើងដោយក្រសួងបរិស្ថាន ដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូ ក្នុងវិស័យអភិរក្សធនធានធម្មជាតិ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ ក្នុងគោលបំណងដើម្បីឈានទៅបញ្ចប់វិបត្តិនៃការដាក់អន្ទាក់នេះ។ ជាក់ស្តែងដំណាក់កាលទីមួយនៃយុទ្ធនាការនេះ ត្រូវបានអនុវត្តចប់សព្វគ្រប់ក្នុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដោយបានធ្វើដំណើរក្នុងបណ្តាខេត្តនៃប៉ែកខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ។

យុទ្ធនាការនេះសហការរៀបចំឡើងដោយស្ថាប័ន និងអង្គការដៃគូជាច្រើនរួមមាន៖ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថានខេត្ត ដឹកនាំដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងតំណាងអង្គការដៃគូជាច្រើនទៀតរួមមាន៖ អង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍអន្តរជាតិ (USAID/MBT) គម្រោងអនាគតបៃតងកម្ពុជា របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍអន្តរជាតិ (USAID/CGF) អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) អង្គការអភិរក្ស សកលប្រចាំកម្ពុជា (CI) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគម អភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិកម្ពុជា (NL) អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC)។

គួររំលឹកផងដែរថា វិបត្តិអន្ទាក់មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ។ ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ របស់អង្គការ WWF គេបានប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ តាមរបាយដដែលនេះ អន្ទាក់ទាំងនេះជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំជាដើម៕