(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យ ឆ្លងពុទ្ធាភិសេក ឆ្លងសាលាធម្មសភា និងសម្ពោធសមិទ្ធផលនានា នៅវត្តបទុមមុនីវ័ន ហៅវត្តស្ដៅលើ ស្ថិតក្នុងឃុំស្ដៅ ស្រុកកងមាស។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្ងៃនេះពិតជាមានសមិទ្ធផលជាច្រើន នៅក្នុងវត្តស្ដៅលើ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលសមិទ្ធផលទាំងអស់នេះ ត្រូវបានចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ សប្បុរសជនជិតឆ្ងាយ ជាពិសេសគឺប្រជាពលរដ្ឋពុទ្ធបរិស័ទរបស់យើង ដែលមានជំនឿជឿជាក់មកលើព្រះចៅអធិការ ដែលដឹកនាំវត្តនេះ ដែលធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កត្តាសុខសន្តិភាពបានធ្វើឲ្យមានការរីកចម្រើនទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ពីព្រោះ ដោយសារប្រទេសជាតិមានសុខសន្តិភាពនេះហើយ ទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសបង្កើតអាជីវកម្មផ្សេងៗ ប្រកបមុខរបរចិញ្ចឹមជីវិត ឬក៏បម្រើការងារផ្សេងៗ ទទួលបានចំណូល នឹងអាចសន្សំសំចៃ ដើម្បីបានថវិកាចូលជាបច្ច័យកសាងនៅទីអារាមនានា ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានលើកឡើងថា សមិទ្ធផលដែលត្រូវសម្ពោធថ្ងៃនេះ គ្រាន់តែជាសមិទ្ធផលមួយ នៅក្នុងចំណោមសមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់ ដែលកើតចេញមកពីការកសាងរបស់រដ្ឋាភិបាល និងសប្បុរសជននានា។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជារបស់យើង ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលលទ្ធិនេះ បានបញ្ជៀសនូវសង្គ្រាម និងរៀបចំឲ្យមានការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំ ប្រទេស។ ដូច្នេះសន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ១សន្លឹក ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់អាយុជីវិតរបស់យើង សម្រាប់សេដ្ឋកិច្ចរបស់យើង សម្រាប់សុខសន្តិភាពទូទាំងប្រទេស។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀម ឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ដើម្បីចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕