(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១,០០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងពិធីនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ បានសំណូមពរដល់ប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ក្នុងកំឡុងពេលសាងសង់ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារសាងសង់ ឱ្យរួចរាល់តាមការគ្រោងទុក។ ទន្ទឹមនឹងនោះក្រុមហ៊ុន ដែលទទួលបានការសាងសង់ ត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូរអង្វែង។

លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឲ្យភូមិ-ឃុំរបស់យើង គ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ជាមួយគ្នានេះ រដ្ឋបាលស្រុក ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឲ្យបានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»

លោកថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ៧យ៉ាងឲ្យបានល្អប្រសើរ រួមមាន៖

*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិង គ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
*ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព៕