(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះការលើកឡើង របស់មេបក្សប្រឆាំង លោក សម រង្ស៊ី ចំពោះការស្នើឲ្យសហភាពអឺរ៉ុប បិទការនាំចូល ផលិតផលរបស់កម្ពុជា ដោយលោករដ្ឋមន្ត្រី ចាត់ទុកថា គំនិតរបស់លោក សម រង្ស៊ី ជាគំនិតអគតិ គ្មានការយល់ដឹងវិធានច្បាប់ ពាណិជ្ជកម្មអន្តរជាតិ ចង់បំផ្លាញឧត្តមប្រយោជន៍ជាតិ និងបំភ័យឲ្យវិនិយោគិន ចេញកម្ពុជា។
ការប្រតិកម្មខ្លាំងរបស់លោក ប៉ាន សូរស័ក្តី ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមបានធ្វើកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ពីទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្នុងពេលដែលលោកចូលរួមកិច្ចប្រជុំ UNCTAD 14 ។
ខាងក្រោមនេះជាអត្ថបទទាំងស្រុង របស់លោក ប៉ាន សូរស័ក្ដិ បានសរសេរបង្ហោះក្នុង Facebook ផ្លូវការក្រសួងពាណិជ្ជកម្ម៖
ទាក់ទងនឹងបទសម្ភាសន៍របស់ លោក សម រង្ស៉ី ជាភាសារបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដែលលើកឡើងថា «បើសហគមន៍ អឺរ៉ុបបិទទីផ្សារ នាំចេញសម្លៀកបំពាក់ ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយនឹងលក្ខខ័ណ» ខ្ញុំសូមវាយតម្លៃថា នេះគឺជាយោបល់ របស់បុគ្គលមួយរូប ដែលគ្មានចំណេះដឹងអំពីមូលដ្ឋានច្បាប់ជាធរមាន និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសដែលជាសមាជិក អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោកឡើយ។
ដើម្បីឲ្យសាធារណជន និងអ្នកវិនិយោគបានជ្រាបច្បាស់ ខ្ញុំសូមពន្យល់អំពីគោលបំណង និងលក្ខខ័ណ្ឌនានា ដែលត្រូវទទួលបានភាពអនុគ្រោះពន្ធគយ ពីសហគមន៍អឺរ៉ុប ក្រោមកម្មវិធីដែលមានឈ្មោះថា «នាំចេញនូវមុខទំនិញទាំងអស់ ដោយមិនបង់ពន្ធ លើកលែងតែគ្រឿងសព្វាវុធ» ដូចតទៅ៖
1) កម្មវិធី «នាំចេញនូវមុខទំនិញទាំងអស់ដោយមិនបង់ពន្ធ លើកលែងតែគ្រឿងសព្វាវុធ (Everything but Arms – EBA)» គឺត្រូវបានបង្កើតឡើង និងអនុវត្តនៅក្នុងឆ្នាំ២០០១ ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ប្រទេស ឲ្យអាចធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពួកគេ ទៅក្នុងសេដ្ឋកិច្ចពិភពលោកបាន។
2) កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចមួយ ក្នុងចំណោមប្រទេសទាំង ៤៨ ដែលទទួលកំពុងទទួលផលពីកម្មវិធីនេះ។
3) ប្រសិនជាប្រទេសណាមួយ បានកសាងសេដ្ឋកិច្ចចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនោះ ទើបពុំអាចទទួលបាននូវភាពអនុគ្រោះពន្ធគយ ក្រោម វិធាន EBA នេះជាបន្តទៀត។
4) ខ្ញុំសូមបញ្ជាក់ថា ការដកចេញនូវភាពអនុគ្រោះ អាចធ្វើឡើងបានលុះត្រាតែប្រទេសអភិវឌ្ឍន៍តិចតួចណាមួយនោះ ត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានកសាងសេដ្ឋកិច្ច ទៅជាប្រទេសកំពុងអភិវឌ្ឍន៍រួចហើយ ដែលភាសារអង់គ្លេសហៅថា Developing Country។ បើមិនដូច្នោះទេ ប្រទេសអភិវឌ្ឍន៍តិចតួចនោះ នៅតែទទួលបានភាពអនុគ្រោះដដែល។
5) មួយវិញទៀត បើប្រទេសអភិវឌ្ឍន៍តិចតួចណាមួយ បានប្រើប្រាស់ពលកម្មអ្នកជាប់ទោស ដើម្បីផលិតចេញនូវផលិតផល ដែលខ្លួនកំពុងនាំចេញ ឬបានរំលោភធ្ងន់ធ្ងរដល់សន្ធិសញ្ញាពលកម្មអន្តរជាតិ នោះទើបមានការពិចារណា អំពីឡើងវិញ អំពីសម្បទានពន្ធគយនេះ។
6) ដោយឡែក កម្ពុជាកំពុងតែគោរពស្តង់ដារ ការងារក្នុងវិស័យកាត់ដេរ បានយ៉ាងល្អ ក្រោមការត្រួតពិនិត្យរួមគ្នា នៃអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ក្រោមកម្មវិធីដែលមានឈ្មោះថា «រោងចក្រប្រសើរឡើងនៃកម្ពុជា ឬ Better Factories Cambodia ហៅកាត់ថា BFC» ដែលមន្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងសហការយ៉ាងល្អជាមួយ អង្គការពលកម្មអន្តរជាតិ ត្រួតពិនិត្យដោយម៉ត់ចត់ និងជាប្រចាំ នូវការអនុវត្តលក្ខខ័ណ្ឌការងារក្នុងវិស័យកាត់ដេរ ។
បើពិនិត្យលើគោលការណ៍ច្បាប់ និងវិធាននានានៃកម្មវិធីអនុគ្រោះពន្ធ របស់សហគមន៍អឺរ៉ុបឃើញថា កម្ពុជានៅតែទទួលបានភាពអនុគ្រោះពន្ធដដែល ពីសហគមន៍អឺរ៉ុប ព្រោះកម្ពុជាមិនបានរំលោភ លើលក្ខខ័ណ្ឌណាមួយ ដូចបានលើកឡើងខាងលើនេះឡើយ។
ខ្ញុំអាចនិយាយតាមបែបម៉្យាងទៀតថា ការលើកឡើងតាមគំនិតអគតិ និងគ្មានការយល់ដឹងរបស់លោក សម រង្សី ដោយខ្វះការយល់ដឹងពីវិធានច្បាប់ ពាណិជ្ជកម្មអន្តរជាតិបែបនេះ អាចនឹងបំផ្លាញឧត្តមប្រយោជន៍ជាតិ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះគាត់បានបំភ័យដល់អ្នកវិនិយោគ ឲ្យចាកចេញពីប្រទេសកម្ពុជា ដែលជាបច្ច័យធ្វើឲ្យបាត់បង់ នូវការងាររបស់កម្មករ កម្មាករិនី ដែលកំពុងបំរើការងារក្នុងវិស័យកាត់ដេរ ប្រមាណជា ៣៥០.០០០ នាក់ និងទទួលចំណូលសរុប ដោយផ្ទាល់ប្រមាណជាង ៨៨លានដុល្លារក្នុងមួយខែ នេះបើយើងគិតត្រឹមទីផ្សារសហគមន៍អឺរ៉ុប។
ការខាងបង់នេះ មិនទាន់គិតបញ្ចូល នូវផលប៉ះពាល់ដល់កាតព្វកិច្ចរបស់កម្មករម្នាក់ ដែលត្រូវចិញ្ចឹមសមាជិកគ្រួសារគាត់ ប្រមាណជា៥នាក់ទៀតផងនោះឡើយ។ ជាមួយនោះនៅមាន ការខាងបង់នូវប្រាក់ចំណូលមិនផ្ទាល់ ដែលប្រជាជនយើង ទទួលបានតាមរយៈការលក់ដូរម្ហូបអាហារ ដឹកជញ្ជូន បោកគត់ អ៊ុតសក់ ជាដើម ។ល។ មួយវិញទៀត ប្រសិនជាអ្នកវិនិយោគ មានការភ័យខ្លាច និងចាកចេញពីកម្ពុជាមែន អ្នកដែលចំណេញគឺ ប្រទេសជិតខាងមួយចំនួន ដែលកំពុងតែខិតខំចរចារ និងបង់ថ្លៃយ៉ាងច្រើន ដើម្បីទទួលបាននូវភាព អនុគ្រោះពន្ធគយពីសហគមន៍អឺរ៉ុប៕