(បន្ទាយមានជ័យ)៖ ក្រោយពីមន្ត្រីអភិរក្សត្រូវបានជនល្មើសនេសាទវាយ និងបាញ់បណ្តាលរបួស២នាក់នោះ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យមន្ត្រីជំនាញចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក។

អាជ្ញាធរស្រុកភ្នំស្រុក បានឲ្យដឹងថា ក្រោយទឹកសម្រកនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក មានបទល្មើសនេសាទ បានកើតឡើងទាំងយប់ និងថ្ងៃ ហើយមន្ត្រីជំនាញដែលអភិរក្សចុះបង្ក្រាបពេលយប់ត្រូវបានជនល្មើសព្រួតវាយ និងបាញ់បណ្តាលរបួស២នាក់ម្នាក់ធ្ងន់ ដោយត្រូវបានជនសង្ស័យយកកាំភ្លើងខ្យល់គ្រាប់ដែកបាញ់បណ្តាលរបួសចង្កេះ និងវាយចង្វាបណ្តាលបែកក្បាល និងម្នាក់ទៀតរបួសស្រាល រហូតពេលនេះត្រូវបានសះស្បើយ ខណៈជនល្មើសដែលបង្ករបួសស្នាមមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

លោកបានបញ្ជាក់ថា ក្រោយទទួលបទបញ្ជាពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះមកប្រជុំដាក់វិធានការផ្ទាល់នៅស្រុកភ្នំស្រុក កាលពីថ្មីៗនេះ បានរៀបចំក្រុមការងារដែលមាន លោក ហី រីហាំង ជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទអាងត្រពាំងថ្ម ដែលដឹកនាំមន្ត្រីចម្រុះមានបរិស្ថាន ជនផល និងកម្លាំងនគរបាល អាវុធហត្ថ យោធា ស្រុកដែលប្រើប្រាស់កាណូតស្មាច់ចុះល្បាតជុំវិញអាងត្រពាំងថ្ម ដែលមានទំហំ១០គីឡូម៉ែត្របួនជ្រុង ដែលធ្វើការល្បាតទប់ស្កាត់២៤ម៉ោង លើក២៤ម៉ោង។

លោកបញ្ជាក់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងចម្រុះបានចុះបង្ក្រាបដកហូតបទល្មើសនេសាទមាន អ៊ុយស្ពៃមុង និងលបប្រឹស១០០ ដែលជាឧបករណ៍កែឆ្នៃនេសាទខុសច្បាប់ ត្រូវបានយកមកដុតកម្ទេចចោល ចុះផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋទូទាំងស្រុកភ្នំស្រុក ត្រូវបញ្ឈប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ និងត្រូវបានបិតឡូនេសាទរដូវត្រីពងកូនចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕