(ភ្នំពេញ)៖ ករណីបាត់ក្មេងស្រី២នាក់អស់រយៈពេល៣យប់ និងរកឃើញនៅក្នុងផ្ទះសំណាក់ «សមុទ្រមាស» ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយប្រុសស្ទាវ៤នាក់ផ្សេងទៀត បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានប្រជាពលរដ្ឋលើកឡើងនូវការរិះគន់យ៉ាងខ្លាំង ទៅលើលោកមេប៉ុស្តិ៍នគរបាលស្ដីទីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខថា បានជួយបិទបាំងរឿងហេតុជាសម្ងាត់ ទោះបីប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវអំពើអានាចារនេះ ក៏ដោយ។
ករណីសម្ងាត់ជៀសមិនរួចពីការបែកធ្លាយនេះ ត្រូវបានមហាជនជាសាក្សីមួយចំនួន លួចខ្សឹបថា «លោកមេប៉ុស្តិ៍ស្តីទីសង្កាត់ភ្នំពេញថ្មី ជាអ្នកបានផលប្រយោជន៍ ពីម្ចាស់ផ្ទះសំណាក់ សមុទ្រមាស ទើបជួយលាក់បិទបាំង និងការពារអំពើខុសច្បាប់នេះ»។
ទាក់ទងនឹងការរិះគន់នេះ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ Fresh News ថា លោកមិនគាំទ្រជាដាច់ខាត ចំពោះទង្វើខុសច្បាប់នេះ ទោះក្នុងរូបភាពណាក៏ដោយ ហើយលោកអភិបាលខណ្ឌ បានទទូចសូមឲ្យមន្រ្តីរបស់លោកគ្រប់រូប ចូលរួមគោរពច្បាប់ ការពារច្បាប់ ការពារប្រជាពលរដ្ឋ ហើយបើមន្រ្តី ឬសមត្ថកិច្ចណាប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សូមរម្លឹកថា ក្មេងស្រីទាំង២នាក់ខាងលើ ស្ថិតក្នុងវ័យក្មេង និងកំពុងសិក្សាថែមទៀត ដែលបានបាត់ពីផ្ទះអស់រយៈពេល៣ ថ្ងៃ៣យប់មកហើយ ធ្វើឲ្យក្រុមគ្រួសារសាច់ញាតិ និងអាណាព្យាបាល ដើរស្វែករកគ្រប់ទីកន្លែង ប៉ុន្តែបានមកឃើញពួកគេ កំពុងសម្ងំស្នាក់នៅពពាក់ពពួនជាមួយប្រុសស្ទាវ៤នាក់ផ្សេងទៀត ក្នុងបន្ទប់ផ្ទះសំណាក់សមុទ្រមាសខាងលើនេះ ទៅវិញ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពេលបាត់ដំណឹងកូនស្រីទាំងនេះ អាណាព្យាបាលបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលឲ្យជួយស្វែងរក។
តាមការសួរនាំរួចមកកម្លាំងសមត្ថកិច្ច បានទៅផ្ទះសំណាក់ខាងលើ ស្រាប់តែឃើញក្មេងស្រទាំង២នាក់ កំពុងនៅជាមួយក្មេងប្រុសស្ទាវ៤នាក់ទៀត យ៉ាងពពាក់ពពូនទៅវិញ។
បច្ចុប្បន្ន នគរបាលប៉ុស្តិ៍ទឹកថ្លា កំពុងធ្វើការសាកសួរពួកគេទាំង៦នាក់ និងរកឲ្យឃើញពីមូលហេតុដែលពួកគេនាំគ្នា មកពពាក់ពពួន ក្នុងបន្ទប់ផ្ទះសំណាក់នេះ ភ្លេចសាលារៀន ធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភ៕