(កណ្ដាល)៖ ប្រជាពលរដ្ឋ៣៦គ្រួសារ ដែលបានទិញផ្ទះពីបុរី សេង សុជាតិ នៅភូមិវិហារសួគ៍ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានប្លង់រឹងត្រឹមត្រូវ តែពេលចង់លក់បែរជាលក់មិនបានទៅវិញ ដោយស្នើសុំថ្នាក់ដឹកនាំជួយដោះស្រាយបញ្ហានេះជូនពួកគាត់។

លោក ហេង ថុន តំណាងប្រជាពលរដ្ឋ ៣៦គ្រួសារ បានថ្លែងប្រាប់ថា លោក និងប្រជាពលរដ្ឋទាំង៣៥គ្រួសារផ្សេងទៀត បានទិញផ្ទះល្វែងពីបុរី សេង សុជាតិ នេះ ហើយមានប្លង់រឹងតាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺពេលលក់ផ្ទះវិញ បែជាខាងសូរិយោដីស្រុកខ្សាច់កណ្ដាល ប្រាប់ថា បុរីទាំងមូលជាប់ដីការក្សាការពារ ព្រោះមានការប្ដឹងផ្ដល់គ្នារវាងម្ចាស់ភាគហ៊ុន២នាក់ នៅក្នុងមុខរបរលក់បុរីនេះ កាលពីខែឧសភា ឆ្នាំ ២០២២កន្លងទៅ ។

លោកបានបន្តថា ក្រោយផ្ទុះរឿងនេះភ្លាម លោក និងពលរដ្ឋម្ចាស់ផ្ទះទាំងអស់ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើគេកំពុងធ្វើអ្វីឲ្យប្រាកដ ក្រែងផ្ទះល្វែងទាំងនេះ មានប្លង់រឹងត្រឹមត្រូវហើយ ហេតុអ្វីបានជាមិនឲ្យគេលក់ដូរវិញ ដោយយោងហេតុផលថា មានដីការក្សាការពារពីសាលាដំបូងខេត្តកណ្ដាល។ ហើយលឺថារឿងរ៉ាវប្ដឹងគ្នាពីភាគីម្ខាងទៀតឈ្មោះ ទូច មរកត និងលាង សំភា ប្ដឹងសេង សុជាតិ ពាក់ព័ន្ធនឹងការទិញលក់ដី មិនឲ្យលុយម្ចាស់ដី ទើបប្ដឹងគ្នាឡើងទៅតុលាការខេត្តកណ្ដាល ហើយភាគី សេង សុជាតិ ក៍ប្ដឹងទាស់ទៅសាលឧទ្ធរណ៍មួយតង់ទៀត។

ពលរដ្ឋទាំង៣៦គ្រួសារស្នើសុំភាគីពាក់ព័ន្ធ និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ មេត្តាជួយដោះស្រាយដោយសន្តិវិធីផង ព្រោះពលរដ្ឋមិនមែនយកលុយទាំងដុំមកទិញផ្ទះល្វែងនោះទេ ពោលគឺជំពាក់គេសងរាល់ខែ ដោយសង្ឃឹមថាមានទ្រនុំស្នាក់នៅសមរម្យ ប៉ុន្តែបែជាមានរឿងរ៉ាវនឹកស្មានមិនដល់ទៅវិញ ។ និងស្នើសុំភាគីពាក់ព័ន្ធមានឆន្ទ:ដោះស្រាយបញ្ហាផ្ទាល់ខ្លួននោះឲ្យដាច់ស្រេចលឿនបំផុត ពិសេសលោក សេង សុជាតិ គួរតែឲ្យលុយម្ចាស់ដីគេទៅ ព្រោះផ្ទះបានលក់ឲ្យអតថិជនអស់ហើយ និងមានប្លង់រឹងថែមទៀ?។

ជុំរឿងបញ្ហានេះ លោក សេង សុជាតិ បានថ្លែងថា លោកបានចេញប្លង់រឹងទៅឲ្យអតិថិជនគ្រប់ចំនួន គ្មានការបញ្ហាអ្វីឡើយ ហើយចេញមុនពេលពេលតុលាកាចេញដីកាទៅទៀត ដូច្នេះកម្មសិទ្ធិបានផ្ទេរត្រឹមត្រូវទៅឲ្យអតិថិជនអស់ហើយ រីឯលក់បានឬមិនបាន ទៅសួរខាងអាជ្ញាធរចុះ។ លោកសេង សុជាតិ ពុំបាននិយាយពាក់ព័ន្ធនឹងការមិនឲ្យលុយថ្លៃដីគេនោះទេ។

ជុំវិញរឿងនេះ លោក ហ៊ែល ម៉ូដេត ប្រធានសូរិយោដីស្រុកខ្សាច់កណ្ដាល បានថ្លែងថា លោកបានឃើញដីការក្សាការពារពីតុលាការ ហើយមិនហ៊ានស៊ីញ៉េលើការទិញលក់នេះឡើយ និងបានធ្វើរបាយការណ៍ទៅមន្ទីរដែនដីរួចហើយដែរ។

ជុំវិញបញ្ហានេះ លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្តកណ្ដាលថា រឿងនេះមានដីកាពីតុលាការដូចបានឃើញអីចឹង ។ លោកពុំបាននិយាយអ្វីច្រើនជាងនេះទេ។

គួរជម្រាបថា សាលក្រមរដ្ឋប្បវេណីលេខ៣៣ "ឃ" ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ ដែលមានលោកស្រី ពេជ ម៉ារ៉ែន ជាចៅក្រម និងលោក ឡេង ព្រហស្បតិ៍ ជាក្រឡាបញ្ជីរ បានសម្រេចបញ្ចប់ច្រានចោលបណ្ដឹងទាស់ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ របស់សេង សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ។

សាលក្រមនេះបានទាញផលដោយផ្ទាល់មាត់ជាសាធារណ: និងប្រកាសជាសាធារណ:នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ ចំពោះមុខមេធាវីតំណាងដោយអាណិតឱ្យដើមចោទ និងកំបាំងមុខចុងចម្លើយឈ្មោះសេង សុជាតិ ជាដើមបណ្ដឹងទាស់។

ភាគីសេង សុជាតិ ក៏បានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ដោយគិតមកដល់ពេលនេះមិនទាន់មានដំណឹងអ្វីឡើយ ប៉ុន្តែពលរដ្ឋថា អ្នករងគ្រោះពិតប្រាកដ គឺជាពួកគាត់ដែលបានទិញផ្ទះពីបុរីនេះ៕