(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានវត្តមានចូលរួមរបស់ លោក អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាព និងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕