(ភ្នំពេញ)៖ សាលាខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ មានបើកកិច្ចប្រជុំការងារ អនាម័យសំរាម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមវត្តមានលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីចៅសង្កាត់ មន្ត្រីការិយាល័យពាក់ព័ន្ធ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ផងដែរ។
លោកអភិបាលបានដាក់ចេញការងារ សំរាប់ពង្រឹងនិងបន្តអនុវត្តមួយចំនួនដូចជា៖
១-ភ្នាក់ងារអនាម័យត្រូវខិតខំទទួលខុសត្រូវភារកិច្ចរៀងខ្លួន។ ចុះអប់រំប្រជាពលរដ្ឋ អាជីវករ ឲ្យក្លាយជាចលនាអបរំ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយត្រូវចាត់ទុកថា «សំរាមជាសត្រូវនៃសុខភាព»។
២-លុបបំបាត់ដេប៉ូសំរាម៖ សង្កាត់ ភ្នាក់ងារអនាម័យ និងក្រុមហ៊ុនប្រមូលសំរាម ត្រូវសហការស្រាវជ្រាវ និងដោះស្រាយ ឈានដល់ការលុបបំបាត់ដេប៉ូសំរាមនេះឲ្យបាន។
៣-បំណុលសំរាម៖ សង្កាត់នីមួយៗត្រូវលើកយក ករណីទីតាំងអាជីវកម្មដ្ឋានដែលមិនព្រមបង់ថ្លៃអនាម័យហើយបញ្ចេញសំរាមមកក្រៅ ក្នុង1សង្កាត់ 1ទីតាំង ដើម្បីឈានដល់ការទប់ស្កាត់ការចេញសំរាមខុសម៉ោងពេល និងសំរាមចល័ត។
៤-ឯកសណ្ឋានភ្នាក់ងារអនាម័យ៖ ក្រុមការងារ ព្រាងគម្រូឯកសណ្ឋានសំរាប់ភ្នាក់ងារអនាម័យ សំរាប់ឆ្លងសាលារាជធានីមុនដាក់ឲ្យប្រើប្រាស់។