(ភ្នំពេញ)៖ កម្ពុជាចង់បានលទ្ធផលនៃការបោះឆ្នោត ជាជម្រើសនៃការសម្រេចចិត្ត របស់ប្រជាពលរដ្ឋខ្មែរ ហើយការសម្រេចចិត្តស្តែងចេញ ជាលទ្ធផលនៃការបោះឆ្នោត គឺជាជម្រើសជោគវាសនា របស់ខ្លួន ដែលមិនត្រូវឋិតនៅក្នុងឥទ្ធិពលជ្រៀតជ្រែក ឬផលប្រយោជន៍របស់បរទេស ឬ ក្រុមបំរើបរទេស ដែលប្លន់ជោគវាសនារបស់ខ្លួននោះឡើយ។ រីឯជំនួយក្នុងកិច្ចឧបត្ថម្ភដល់ដំណើរការបោះឆ្នោត គឺប្រាកដណាស់ជាជំនួយដែលគ្មាន ឥទ្ធិពលជ្រៀតជ្រែក ក្នុងការសម្រេចចិត្តឯករាជ្យរបស់ប្រជាពលរដ្ឋខ្មែរ ឬជំនួយនោះ ដែលមាននិន្នាការប្លន់ជោគវាសនា របស់កម្ពុជា សម្រាប់ផលប្រយោជន៍បរទេស ឬក្រុមដែលត្រូវបានគ្រប់គ្រង ដោយបរទេសនោះឡើយ។
បទពិសោធន៍របស់ប្រទេសជាច្រើន ដែលទទួលបានអន្តរាគមន៍ក្នុងវិស័យប្រជាធិបតេយ្យពីសហរដ្ឋអាមេរិក ចំពោះកម្ពុជា គឺយើងមានបទ ពិសោធន៍ក្នុងអតីតកាល នៅទសវត្ស ៧០ម្តងមកហើយ។ ហើយប្រជាធិបតេយ្យមួយចំនួននៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលមានចរិតបរទេស ក៏បានផ្តល់បទពិសោធន៍យ៉ាងច្រើនសម្រាប់កម្ពុជា ដែលប្រជាជាតិទាំងនោះទទួលបាន គ្មានអ្វីក្រៅពីព្រាត់ប្រាស់ ចលាចល និងខូចខាត ដែលជាទណ្ឌកម្មសម័យទំនើបថ្មី នៅក្នុងបរិបទលទ្ធិប្រជាធិបតេយ្យ ដែលប្រាសចាកពីវប្បធម៌របស់ខ្លួន ឬជាជម្រើសពិតប្រាកដរបស់ខ្លួននោះ។
មរណភាពរបស់ លោក កែម ឡី យើងបានដឹងច្បាស់ចាប់តាំងពីថ្ងៃដំបូង គឺមិនត្រឹមតែជាអំពើឃាតកម្មធម្មតានោះទេ ក៏ប៉ុន្តែជាអំពើភេរវកម្មពិតប្រាកដ ដែលមានអ្នកនៅពីក្រោយខ្នង ក្នុងការធ្វើឱ្យមានព្រឹត្តការណ៍ស្មុគ្រស្មាញខាងនយោបាយ ដែលជាផលចំណេញដល់គណបក្ស CNRP ដែលយកករណីនេះមកចោទជាក់ស្តែងលើរាជរដ្ឋាភិបាល ក៏ដូចជា CPP ក្នុងការបង្កើត និងបំពុលបរិយាកាស និងអារម្មណ៍ឈឺចាប់របស់ប្រជាជន រុញច្រាន ឱ្យមានចលនាប្រឆាំង ឬទម្លាក់រដ្ឋាភិបាលស្របច្បាប់ ដោយរូបភាពចលនាមហាជន។
ចលនានេះគឺយើងបានឃើញជាបណ្តើរៗ រាប់ទាំងចលនា «ថ្ងៃចន្ទពណ៌ខ្មៅ» បន្ទាប់ពីសកម្មជនមួយចំនួនបានជួប ឬចេញពីស្ថានទូត សហរដ្ឋ អាមេរិកមក។ ជាក់ស្តែងនៅក្នុងចលនាដែលចាប់ផ្តើមពីការធ្វើឃាដលើលោក កែម ឡី មក ប្រធាន CNRP បានធ្វើការចោទប្រកាន់យ៉ាងចំហរ និងជាសាធារណៈ ដោយគ្មានមូលដ្ឋានពិតប្រាកដ និងមិនបង្អង់ថា៖ រាជរដ្ឋាភិបាលជាអ្នកនៅពីក្រោយ អំពើឃាតកម្មនេះ នោះមិនគិតពីការប្រមាណ ជាតំរុយមុនពេលឃាតកម្មនេះទេ គឺមន្ត្រីជាន់ខ្ពស់ CNRP បានលើកឡើងថា «នយោបាយនឹងឡើងកម្តៅ» ។
នៅក្នុងសាច់រឿងនៃឃាតកម្មនេះ ក្រៅពីអ្នកណាជាអ្នកចំណេញដោយប្រៀបនយោបាយ គឺបរិបថមួយទៀត សួរថាតើលោក កែម ឡី ជាឧបសគ្គនៃ អំណាចដឹកនាំរបស់ CNRP ដែរឬទេ នៅពេលដែលថ្នាក់ដឹកនាំ ទាំងប្រធាន និងអនុប្រធាន កំពុងជាប់កុនក្នុងរឿងផ្លូវច្បាប់ជាឯកជនផ្ទាល់ខ្លួន ជាមួយនឹងភាពលេចឡើងនូវប្រជាប្រិយភាពរបស់លោក កែម ឡី ។ នេះជាចម្ងល់បន្ថែមមួយទៀត ដែលគេអាចយល់ថា លោក កែម ឡី អាចធ្វើឱ្យខូចខាត ឬបាត់បង់ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ CNRP ។
នៅក្នុងសាច់រឿងដ៏ស្មុគ្រស្មាញនេះ គឺជាការសោកស្តាយរបស់ខ្ញុំ ដែលឯកឧត្តមឧបការី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើង នៅពេលនេះ គឺមិនមែនគ្រាន់តែជារឿងស្មុគ្រស្មាញនៃឃាតកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែជាយុទ្ធនាការនយោបាយបន្ថែមទៀត ដោយយករឿងបោះឆ្នោត យករឿងស៊ើបអង្កេត យករឿងជំនួយរបស់ចិន ដាក់នៅក្នុងភាពអវិជ្ជមាន និងមន្ទិល ហើយលោកអំពាវនាវឱ្យ រាជរដ្ឋាភិបាលកម្ពុជាបើកឱ្យអ្នកជំនាញ ស៊ើបអង្កេតឯករាជ្យ ចូលរួមក្នុងដំណើរការស៊ើបអង្កេត ក្នុងរឿងឃាតកម្មនេះទៀតផង។
នៅក្នុងចំណុចនេះខ្ញុំយល់ឃើញថា ពាក្យ «ឯករាជ្យ» នេះ គេបានប្រើប្រាស់ ក្នុងការគាំទ្រចលនាប្រឆាំងនឹងស្ថាប័នរដ្ឋ ដែលគេបានធ្វើនៅមជ្ឈឹមបូព៌ា ក្នុងការផ្តួលរំលំ។ ខ្ញុំពុំជឿថា ការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកនេះ នៅក្នុងបរិបទផ្តួលរំលំនេះទេ ក៏ប៉ុន្តែនីតិវិធីរបស់តុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យ អធិបតេយ្យ និងជាផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ គឺមានន័យ គ្រប់គ្រាន់ក្នុងវិធានផ្លូវច្បាប់ក្នុងកិច្ចស៊ើបអង្កេតនេះ។ ខ្ញុំជឿយ៉ាងច្បាស់ថា FBI ដែលជាស្ថាប័នបង្កើតដោយសហរដ្ឋអាមេរិក គឺបំរើ និងការពារផលប្រយោជន៍អាមេរិក សុទ្ធសាធដែលពុំអាចយល់បានថា ជាស្ថាប័នឯករាជ្យសម្រាប់ពិភពលោកនោះទេ។
ជាបទពិសោធន៍ ពិភពលោកបានសោកស្តាយណាស់ ចំពោះរបាយការណ៍នៃភ្នាក់ងារ ឯករាជ្យអន្តរជាតិ ដែលបានធ្វើឱ្យមានការសម្រេចចិត្តខុស របស់លោកប្រធានាធិបតី សហរដ្ឋ អាមេរិក ក្នុងការលើកទ័ពទៅកម្ចាត់ លោកសាដាំ ហ៊ូសេន និងបំផ្លាញប្រជាជាតិ អ៊ីរ៉ាក់ ដែលចោទថា បាននិងមានការផលិតអាវុធប្រល័យលោកនោះ។
ចំណុចបន្ថែមទៀតនោះគឺ កម្ពុជាពិបាកនឹងអនុញ្ញាតដល់បរទេសណា ក្នុងការបំផ្លាញប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯង ដើម្បីបំពេញចិត្តបរទេស ឬក្រុមនិយមប្រើប្រាស់ បរទេសមកធ្វើអាណានិគមលើកម្ពុជានោះទេ ដោយហេតុថា រដ្ឋធម្មនុញ្ញខ្មែរ បានបង្ហាញច្បាស់ថា តុលាការកម្ពុជា និងដំណើរការយុត្តិធម៌របស់កម្ពុជា គឺមានអធិបតេយ្យភាព និងឯករាជ្យប្រាសចាកពីការជ្រៀតជ្រែក ឬ សម្ពាធពីក្រុមណាមួយនោះ ហើយការលើកឡើងរបស់ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ គ្រាន់តែជាការបង្ហាញ នូវនិន្នាការនយោបាយឆក់យក ហេតុផលពីសពលោក កែម ឡី ប៉ុណ្ណោះ៕