(យូអិន)៖ បន្ទាប់ពីយុទ្ធការឃោសនាតស៊ូមតិ និងបទបង្ហាញជាសាធារណៈ ប្រព្រឹត្តប៉ុន្មានខែមកនេះ តំណាងទាំងអស់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានសម្រេចថានឹងធ្វើការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ នៃស្ថាប័នអង្គការសហប្រជាជាតិនេះដោយសម្ងាត់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខទាំង ១៥ប្រទេស ក្នុងនោះរួមមានទាំងសមាជិកអចិន្ត្រៃយ៍ទាំង ៥ប្រទេសមាន អាមេរិក, ចិន, រុស្ស៊ី, អង់គ្លេស, និងបារាំង នឹងធ្វើការផ្តល់ពិន្ទុដល់បេក្ខជនទាំងអស់ ដែលមានបីកម្រិតគឺទី១.សក្តិសម, ២.មិនសក្តិសម និង ៣.គ្មានយោបល់។ លទ្ធផលនៃការបោះឆ្នោតដំបូង នឹងមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែ UN នឹងទាក់ទងដោយផ្ទាល់ទៅកាន់រដ្ឋាភិបាល នៃប្រទេសដែលបញ្ជូនបេក្ខជនមកប្រកួតប្រជែង ដើម្បីជំនួសតំណែងលោក បាន គីមូន នៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។
គួរបញ្ជាក់ថានៅក្នុងចំណោមបេក្ខជន UN ដែលមានប្រជាប្រិយភាពបំផុតរបស់ពិភពលោកនេះ មានដូចជាលោកស្រី Susana Malcorra រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន, លោក Danilo Turk អតីតប្រធានាធិបតីស្លូវ៉ានី, លោក Helen Clark អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ និង Antonio Guterres ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ និងដឹកនាំទីភ្នាក់ងារជនភៀសខ្លួន UN ផងដែរ។ ក្នុងចំណោមបេក្ខជនទាំង១២រូប មាន៦រូបជាស្ត្រី ហើយ ៨នាក់ក្នុង ចំណោមនោះគឺមកពីបណ្តាប្រទេសនៅអឺរ៉ុបខាងកើត។
សម្រាប់ការបង្កើតឲ្យមានការបោះឆ្នោតសម្ងាត់ជាលើកដំបូងនេះដែរ គឺជាដំណើរការប្រកបដោយប្រសិទ្ធិភាពបន្ថែមទៀត នៅក្នុងប្រវត្តិសាស្ត្ររបស់ UN ដែលនឹងអនុញ្ញាតឲ្យបេក្ខជនទាំងអស់ ប្រមូលផ្តុំស្មារតីគ្រប់គ្រាន់នៅក្នុងការធ្វើយុទ្ធនាការ ស្វែងរកអ្នកគាំទ្ររបស់ពួកគេ មុននឹងការសម្រេចរបស់ មហាសន្និបាតនៃអង្គការសហប្រជាជាតិរៀបចំឡើង។ មានពាក្យ រិះគន់ច្រើនណាស់ថា អគ្គលេខាធិការនៃ UN កន្លងមកត្រូវបានជ្រើសរើស ដើម្បីបម្រើប្រយោជន៍ប្រទេសសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង៥តែប៉ុណ្ណោះ ដោយមិនមែនសម្រាប់ប្រយោជន៍ពិភពលោកនោះឡើយ៕