(ភ្នំពេញ)៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ចុះអនុស្សារណៈយោគយល់ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេច ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) និងផ្ដល់ថវិកាចំនួន៣០ម៉ឺនដុល្លារ ក្នុងរយៈពេល៣ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ក្នុងនោះ ក៏នឹងផ្ដល់ថវិកាចំនួន៣០ម៉ឺនដុល្លារ ក្នុងរយៈពេល៣ឆ្នាំជូនសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) ផ្ដល់ឱកាសឲ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ។

លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហាររូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានថ្លែងអំណរគុណធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺមានគោលការណ៍៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ តាមការផ្ដល់អាហារូបករដល់និស្សិតក្រីក្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។

លើសពីនេះការងារមនុស្សធម៌ធ្វើឡើងដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈ ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គម តាមរយៈការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានបញ្ជាក់ថា បើទោះបីជាធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ជាក្រុមហ៊ុនឯកជនរកប្រាក់ចំណេញក្តី ប៉ុន្តែយើងមានបេសកកម្មសង្គមស្រដៀងគ្នា ក្នុងការចូលរួមសកម្មភាពមនុស្សធម៌មនុស្ស តាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។

ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះ បានផ្ដល់លទ្ធភាពឲ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) ដើម្បីឲ្យកម្លាំងស្ម័គ្រចិត្ត និងក្រុមការងារមានជំនាញ ទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស និងបានផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស និស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT)៕