(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងចូលរួមអបអរសាទជាមួយប្រជាពលរដ្ឋ ដែលនៅពេលឆាប់ៗខាងមុខ នឹងទទួលបាននូវបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ លើដីដែលរស់នៅ និងអាស្រ័យផលជាក់ស្តែងកន្លងមករបស់ពួកគាត់។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកយុទ្ធនាការពីការកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានថ្លែងប្រាប់ប្រជាពលរដ្ឋពីសវតាដីធ្លីនៅទីនេះ កាលដើមឡើយ គឺស្ថិតនៅក្នុងគម្រោងព្រៃអភិវឌ្ឍន៍របស់បរិស្ថាន ប៉ុន្តែរដ្ឋបាលខេត្ត បានស្នើសុំរាជរដ្ឋាភិបាលដើម្បីកាត់ឃ្វៀលដីនេះជូនប្រជាពលរដ្ឋ ដែលបានរស់នៅ និងអាស្រ័យផលជាក់ស្តែង រហូតទទួលបានការអនុញ្ញាត ដើម្បីកាត់ឃ្វៀលដីចេញពីគម្រោងដីព្រៃរបស់បរិស្ថាន និងចាប់ផ្តើមវាស់វែងចេញប័ណ្ឌកម្មសិទ្ធស្របច្បាប់ជូន។

លោកអភិបាលខេត្តព្រះវិហារ បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រេចកាត់ឃ្វៀលដីជូនដល់បងប្អូននាពេលនេះ។

លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបានច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដីជាប់គ្នា ដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហា គឺក្រុមការងារមិនអាចវាស់វែងជូនបាននោះទេ និងសូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។

លោក សំ សារឿន ប្រធានមន្ទីរររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ខេត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានចុះធ្វើការវាស់វែងធ្វើបណ្ណ័កម្មសិទ្ឋដីធ្លីជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោកថាដីដែលប្រជាពលរដ្ឋយើងកំពុងកាន់កាប់ និងអាស្រយ័ផលសព្វថ្ងៃនេះ គឺស្ថិតក្នុងដែនគ្រប់គ្រងដោយក្រសួងបរិស្ថាន ប៉ុន្តែដោយការខិតខំរបស់លោកអភិបាលខេត្ត ទើបរាជរដ្ឋាភិបាលសម្រេចកាត់ឃ្វៀលដីចេញពីដែន និងធ្វើបណ្ណកម្មសិទ្ធជូនបងប្អូនតែម្តង៕