(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល សហការជាមួយនគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានចាប់ខ្លួនចោរប្លន់ម៉ូតូចំនួន២នាក់ក្នុងចំណោម៣នាក់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូពីនារីម្នាក់កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវលំខ្នងប្រឡាយតាហោ ភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការចាន់ខ្លួនបានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ជនសង្ស័យមានគ្នា៣នាក់ ហើយឃាត់ខ្លួន២នាក់ ម្នាក់ឈ្មោះ ផេង សុផាន់ណា អាយុ៤១ឆ្នាំ និងឈ្មោះ ផេង រ៉ា អាយុ៤៣ឆ្នាំ។ រីឯអ្នកគេចខ្លួននោះឈ្មោះ ភួង ថន ហៅត្រេន អាយុ៥៥ឆ្នាំ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆយ សុឡុត ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលផ្នែកជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍លំហាចចុះស្រាវជ្រាវស៉ើបអង្កេត ទើបកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ ជាមួយវត្ថុតាងមួយចំនួន។ ក្រោយឃាត់ខ្លួនរួច កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ត។

ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ និងអាជ្ញាធរភូមិ សង្កាត់ បន្តការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនៅចំណុចភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដកហូតម៉ូតូ១គ្រឿងម៉ាក ZOOMER X ផលិតឆ្នាំ២០១៨ ដែលជនសង្ស័យឈ្មោះ ភួង ថន តែងជិះធ្វើសកម្មភាព និងជិះចាំទទួលទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាពបាន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕