(កោះកុង)៖ រថយន្តដឹកឥដ្ឋ១គ្រឿង ផ្ទុកឥដ្ឋពេញមួយឡាន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារដាច់ហ្វ្រាំង រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរ និងព្រូឡាន រងរបួសធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណោទតាតៃ ឃុំតាតែ ស្រុកកោះកុង ខេត្តកោះកុង។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្ដដឹកឥដ្ឋមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ3A-2433 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តកោះកុង លុះមកដល់ចំណុចខាងជាផ្លូវឡើងចំណោត ដោយសាររថយន្ដដឹកធ្ងន់ផងនោះ ស្រាប់តែដាច់ហ្រ្វាំងបណ្ដាលឲ្យរថយន្ដរេចង្កូតធ្លាក់ផ្លូវតែម្ដង។ មន្ដ្រីដដែលបន្ដថា ពេលនោះអ្នកបើកបរ រួមជាមួយព្រូឡាន បានបើកទ្វាររថយន្ដលោតចុះ ក៏បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ របួសធ្ងន់ធ្ងរទាំង២នាក់។
សមត្ថកិច្ចបានបញ្ជាក់ដែរថា ក្រោយពេលកើតហេតុ អ្នកបើកបរឈ្មោះ ទេស ព្រូន និងព្រូឡានឈ្មោះ ជន អ៊ូន ដែលរងរបួសនោះ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។សមត្ថកិច្ចបានបន្ថែមថា សូមអ្នកបើកបរទាំងអស់មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ក្នុងការបើកបរ ហើយត្រូវគោរពស្លាកសញ្ញានៅតាមដងផ្លូវផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕