(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហមកុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។ ប៉ុន្តែដោយសារការដឹកនាំឈ្លាសវៃ ការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់។

លោក ឡី សុភាព បានបន្តថា ក្រុមយុវជនសេដ្ឋកិច្ចកម្ពុជាខាងលើពិតជាបានមើលឃើញ និងទទួលស្គាល់នូវកិត្យានុភាពជាតិដែលសម្ដេចតេជោបានកសាងឡើង ក្នុងនោះមានការចូលជាសមាជិកអង្គការពិភពលោកធំៗ ការពង្រឹង/បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការលើកស្ទួយមុខមាត់ប្រទេសជាតិឱ្យលេចធ្លោឡើងលើឆាកអន្តរជាតិ។

ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាក៏បានប្ដេជ្ញាចូលរួមអនុវត្តតាមច្បាប់របស់កម្ពុជា ប្រកបអាជីវកម្មដោយសុច្ចរិតភាព និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច/សង្គមកម្ពុជាឱ្យឈានឡើង។

មិនតែប៉ុណ្ណោះ យុវជនសេដ្ឋកិច្ចកម្ពុជារាប់ម៉ឺននាក់នេះក៏បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា៕