(កំពង់ឆ្នាំង)៖ ក្នុងឱកាសប្រារព្ធខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ សាលាបឋមសិក្សាបំពេញវិជ្ជាអាឡែង ស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីការប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសិទ្ធិ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាព។

ការប្រារព្ធទិវាខាងលើនេះមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាណាព្យាបាល អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសរុបប្រមាណ៥០០នាក់។

លោក សែម ស៊ីម នាយកសាលាបឋមសិក្សាអាឡែង បានឲ្យដឹងថា ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា គឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងជាការរួមគ្នាទប់ស្កាត់នូវអំពើហិង្សា និងថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសិទ្ធិកុមារទាំងនៅកម្ពុជា និងនៅលើសកលលោកផងដែរ។

ពិសេសជាងនេះ ការប្រារព្ធទិវានេះគឺជាការអប់រំដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលនៃសិស្ស អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតទៅលើកុមារនៅក្នុងមូលដ្ឋាន៕