(ភ្នំពេញ)៖ គ្រឿងញៀនជាច្រើនកញ្ចប់តូចធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវរហូត​ឈានទៅដល់ការ​ឃាត់​ខ្លួនជនសង្ស័យប្រុសស្រី២នាក់ នៅក្នុងផ្ទះសំណាក់យីហោ EM នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ និងលោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជ​អាវុធ​ហត្ថខណ្ឌដូនពេញ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ (មិនទាន់ប្រាប់អត្តសញ្ញាណ)ករណីជួញដូរគ្រឿងញៀន។

លោក ប៉ាន់ សុភាព បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ទី១.ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី២.ឈ្មោះ ហុន ស្រីពិន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់កាហ្វេនៅផ្សារដីហុយ ទីលំនៅមិនពិតប្រាកដ។

លោកបានបន្តថា វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ក្រាមសថ្លាចំនួន៤១កញ្ចប់(ធំ០៤), ជញ្ជីងថ្លឹង១, ដបសម្រាប់ជក់១, ក្រដាស់អាលុយមីញ៉ូម១ដុំ, ដែកកេះ ចំនួន៦, ថង់សម្រាប់ច្រក​មួយចំនួន។

ក្រោយកើតហេតុជនសង្ស័យ និងវត្ថុតាំងខាងលើនេះ ត្រូវមន្ត្រីកងអាវុធហត្ថបញ្ជូនទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ព្រមទាំងបញ្ជាក់ថា កាំភ្លើងដែលដកហូតបាន​នោះជាកាំភ្លើង​ជ័រនោះទេ៕