(ម៉ានីល)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានប្រកាសថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី នឹងមក បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល នាសប្តាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាបញ្ហាមួយចំនួនជាមួយនឹង ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦។
ការិយាល័យប្រធានាធិបតីហ្វីលីពីន (PCO) បានបញ្ជាក់ដូច្នេះថា «លោក Duterte និងទទួលជួបលោក ឃើរី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិរូបនេះ នឹងមកបំពេញទស្សនកិច្ចនៅទីក្រុង ម៉ានីលប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៦ ដល់ ២៧ ខែកក្កដា ខាងមុខនេះ»។ បន្ថែមពីនេះទៀតលោក ឃើរី ក៏នឹងជួប ពិភាក្សាការងារជាមួយសមភាគីហ្វីលីពីនលោក Perfecto Yasay ផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក លើកទីមួយមកហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលក្រុងម៉ានីលថ្មី ទើបឡើងកាន់អំណាចនេះ បានកើតឡើងអំឡុងពេលដែលប្រទេសហ្វីលីពីន កំពុងតែប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ជាមួយនឹងប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង ហើយដែលសមយុទ្ធយោធាចិន ក៏កំពុងប្រព្រឹត្តនៅឡើយដែរ ក្នុងតំបន់ដែលមានជម្លោះដ៏ស្មុគស្មាញបំផុតនេះ៕