(កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានលើកឡើងថា សុខសន្តិភាព នៅកម្ពុជា បានកើតឡើងដោយលំបាក ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នា មានការធ្វេសប្រហែស អាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ដូច្នេះត្រូវរួមគ្នាការពារសន្ដិភាព។

នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្លាំងប្រជាការពារ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា កម្លាំងប្រជាការពារនៅទូទាំងស្រុកមាន ២,១៧៤នាក់ ស្រី៣៣នាក់ បានបង្ហាញតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការរួមចំណែកជំរុញប្រសិទ្ធភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងក្លាយជាកម្លាំងជំនួយ យ៉ាងសំខាន់ជួយរំលែកបន្ទុកការងាររបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ទាំងការរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ សម្រាប់ពិធីផ្សេងៗ នៅក្នុងសហគមន៍ ទាំងការផ្ដល់ព័ត៌មានទាក់ទងទៅនឹងបទល្មើសនានា និងការចូលរួមល្បាត យាមកាមក្រោមការគ្រប់គ្រង ដឹកនាំដោយនគរបាលបាលប៉ុស្តិ៍រដ្ឋបាលផងដែរ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា សុខសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា នាពេលនេះ ពិតជាបានកើតឡើងដោយការលំបាក នៅក្រោមការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិកមគ្គុទ្ទេសក៍ឯក រួមនិងប្រតិបត្តិករជាច្រើនទៀត។

នាយឧត្តមសេនីយ៍ បានបន្តថា សមិទ្ធផលសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី ប្រជាការពារស្រុកកណ្តាលស្ទឹង បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្ត សុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង៤០ឆ្នាំនេះ កន្លងមកហើយ ហើយបន្តរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច រក្សាសន្តិសុខ សុវត្ថិភាព ដល់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឲ្យទទួលបានជោគជ័យ យុត្តិធម៌ តម្លាភាព និងទទួលយកបាននាពេលខាងមុខ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ការលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរដែនដី ប្រជាការពារ ចំនួនជាង២ពាន់ ក្នុងម្នាក់ៗទទួលបាន នូវឃិត និងថវិកាជាច្រើនផងដែរ៕