(ភ្នំពេញ)៖ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា កម្ពុជាសុំច្រាលចោល ការលើកឡើងរបស់ សភាអឺរ៉ុប និងអាមេរិក ដែលថាប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ។ លោកថា ការលើកឡើងឡើង របស់សភាអឺរ៉ុប និង សភាអាមេរិក គឺយោងតែទៅតាមឯកសារគ្មាន ភាពច្បាស់លាស់ និងប្រមូលយកតែម្ខាង គ្មានតម្លាភាពប៉ុណ្ណោះ។
ការលើកឡើងរបស់ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើង ខណៈដែលលោកចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ជាមួយគណៈប្រតិភូស្វីស ដឹកនាំ ដោយលោក Johannes Matyassy ឧបការី ក្រសួងការបរទេសស្វីស នៅព្រឹកថ្ងៃទី ទី២០ ខែកក្កដា ឆ្នាំ២០១៦។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ការលើកឡើងរបស់សភាអឺរ៉ុប និង សភាអាមេរិក ពីសិទ្ធិមនុស្សនៅកម្ពុជាថា កំពុងតែវឹកវរ និងនាំឲ្យមានវិបត្តិនយោបាយ នៅកម្ពុជា គឺជារឿងមិនពិតនោះទេ។ កម្ពុជា បច្ចុប្បន្ន កំពុងតែបំពេញតួនាទីរបស់ខ្លួន ក្នុងការអភិវឌ្ឍ ពង្រឹងការគោរពសិទ្ធិមនុស្ស គោរពច្បាប់ ពង្រឹងនីតិរដ្ឋ ដើម្បីឲ្យកម្ពុជា រីកចំរើន និងលូតលាស់ទៅមក។
រដ្ឋលេខាធិការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ បានបន្ថែមថា កម្ពុជាមិនមានវិបត្តិនយោបាយឡើយ ពីព្រោះរឿងកើតឡើងបច្ចុប្បន្ន គ្រាន់តែជារឿងបុគ្គល អ្នកនយោបាយប៉ុណ្ណោះ។ រឿងនេះ ច្បាប់ត្រូវតែអនុវត្តតាម នីតិវិធី គ្មានអ្វីដែលខុសច្បាប់ រឺបង្ហាញថា កម្ពុជា កំពុងតែជួបវិបត្តិនយោបាយនោះទេ។
ទន្ទឹមនឹងការលើកឡើងនេះ ភាគីស្វីស បានបញ្ជាក់ច្បាស់ៗថា នឹងមិនលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់កម្ពុជាឡើយ ហើយនៅតែស្វាគមន៍ចំពោះការខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវ សភាពការណ៍នយោបាយ និងប្រជាប្រិយភាពនៅកម្ពុជា៕