(ឧត្តរមានជ័យ)៖ ស្ត្រីជាអាជីវករលក់ដូរម្នាក់ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានជនសង្ស័យ២នាក់ ស្លៀកពាក់ឯកសណ្ឋានជាបុគ្គលិកអង្កការ ចូលផឹកកាហ្វេ ឃើញឱកាសល្អ ក៏លួចយកកាបូបលុយនៅក្នុងកន្ត្រករបស់គាត់ អស់ប្រមាណជា២លានរៀល គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣។

បើតាមការរៀបរាប់របស់ស្ត្រីជាជនរងគ្រោះឈ្មោះ ហ៊ិន ខេមរា អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកលក់ដូររស់នៅភូមិឃុំកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូចូលមកផឹកកាហ្វេនៅផ្ទះរបស់គាត់ ដោយស្លៀកពាក់ឯកសណ្ឋានជាបុគ្គលិកអង្គការ។

បន្ទាប់មកជនសង្ស័យទាំង២នាក់នោះ បានសួរនាំគាត់ថា មានបងប្អូនដែលជាជនពិការដែរ ឬទេ ខណៈនោះដែរ ជនរងគ្រោះបានឆ្លើយតបទៅបុគ្គលិកទាំង២នាក់នោះថា នៅក្នុងភូមិរបស់គាត់ ប្រហែលជាមានបងប្អូនដែលជាជនពិការ។

ជនរងគ្រោះបាននិយាយរៀបរាប់បញ្ជាក់ទៀតថា ស្របពេលដែលកំពុងនិយាយសួរនាំគាត់ ជនសង្ស័យម្នាក់បាននិយាយថាសុំទៅបន្ទប់ទឹក ហើយម្នាក់ទៀតនៅបន្តសួរនាំគាត់ និងឲ្យគាត់និយាយទូរស័ព្ទ នៅពេលដែលគាត់កំពុងតែដើរនិយាយទូរស័ព្ទភ្លេចខ្លួន ជនសង្ស័យក៏បានឃើញកន្ត្រកលុយនៅលើតុ ហើយបានលួចយកដោយហៅគ្នាគេម្នាក់ទៀតឡើងជិះម៉ូតូទៅយ៉ាងលឿនស្លេវចេញបាត់ ពេលនោះគាត់ក៏បានស្រែកថាចោរៗដែរ តែគ្មានអ្នកណាគេជួយនោះទេព្រោះទីតាំងកន្លែងគាត់លក់ដូរនោះស្ងាត់។

ស្ត្រីជាជនរងគ្រោះ បាននិយាយអះអាងថា លុយ ដែលជនសង្ស័យទាំងពីររូបនេះលួចយកទៅសរុបចំនួន២លាន១០ម៉ឺនរៀល។ គាត់ថាលុយចំនួន២លានរៀល គាត់ទើបតែខ្ចីពីអង្គការ កាលពីម្សិលមិញ ដើម្បីយកទៅសងថ្លៃជួលអាត្រាក់គេភ្ជួរដី និងលុយ១០ម៉ឺនរៀលទៀត គឺជាលុយដែលាគាត់លក់ដូរបាន ប៉ុន្តែមិនទាន់បានសងថ្លៃអាត្រាក់គេផង​ ក៏ត្រូវជនសង្ស័យទាំង២រូបលួចយកបាត់។

ក្រោយកើតហេតុការណ៍កើតឡើង ស្ត្រីរងគ្រោះបានរាយការណ៏ទៅសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោង ភ្លាមៗនោះកម្លាំងនគរបាលចំនួន២នាក់បានចុះទៅដល់កន្លែងកើតហេតុ និងបានសាកសួរធ្វើកំណត់ហេតុ។

តាមការអះអាងពីសមត្ថកិច្ចជំនាញ នៅកន្លែងពិនិត្យទីតាំងខាងលើនៅក្នុងហេតុការណ៍នេះ ពុំមែនជាករណីដាក់ថ្នាំអ្វីនោះទេ គឺជាករណីបន្លំខ្លួនធ្វើជាបុគ្គលិកអង្គការ ឆ្លៀតឱកាសនៅពេលដែលស្ត្រីជនរងគ្រោះ កំពុងដើរនិយាយទូរស័ព្ទហើយនៅម្នាក់ឯងទៀតក៏បាន ក៏លូកយកកាបូបលុយនៅក្នុងកន្ត្រកដែលស្ត្រីជាជនរងគ្រោះដាក់ចោល រួចក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយឆែកមើលរូបភាពតាមកាម៉េរាសុវត្ថិភាពកំណត់មុខមាត់ពិត ភិនភាគឲ្យបានច្បាស់លាស់ ដើម្បីឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង២នាក់មកចាត់ការតាមនីតិវិធីច្បាប់៕