(ភ្នំពេញ)៖ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា (CMDF) បានអញ្ជើញសំណេះសំណាល និងប្រគល់សៀវភៅ (គីតាប គួរអាន) ដែលជាអំណោយរបស់និសិ្សត អតីតនិស្សិត នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ជូនដល់តួន និងសិស្សនិស្សិត ប្រមាណ១០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលមូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គីតាប គួរអាន ដែលត្រូវបានប្រគល់ជូននៅពេលនេះ មានចំនួន ៧១៤កេស ស្មើនឹងជាង២០តោន ហើយត្រូវបានដឹកជញ្ជូនមកកម្ពុជា តាមរយៈអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា ដោយមានការសម្រួលកម្រៃពន្ធនាំចូលទាំងស្រុងជាបន្ទុករបស់រដ្ឋ។ 

លោក អាប់ឌុលរ៉ស់ម៉ាន់ មូសា តំណាងប្រធានក្រុមនិស្សិតខ្មែរនៅអាប៊ីសាអូឌីត បានលើកចំណាប់អារម្មណ៍ថា តាំងនាមឲ្យនិស្សិតដែលបាននិងកំពុងសិក្សា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការសម្រួលដឹកជញ្ជូនគីតាប គួរអានទាំងនេះ ពីអាប៊ីសាអូឌីតមកកម្ពុជា ក៏ដូចជាពុះពារឧបសគ្គទាំងអស់ ដើម្បីដោះស្រាយនូវតម្រូវការ និងវិបត្តិនានា របស់ក្រុមនិស្សិតខ្មែរកំពុងសិក្សានៅឯក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងឲ្យតម្លៃខ្ពស់ជាទីបំផុត ដល់សិស្ស និស្សិតខ្មែឥស្លាម ដែលសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលដៅឆ្ពោះទៅកាន់ ការអភិវឌ្ឍ វិស័យអប់រំ និងសាសនានៅកម្ពុជា។

លោក រ៉ហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ខ្មែរឥស្លាម ទាំងក្នុង និងក្រៅប្រទេស។

ជាក់ស្តែងកន្លងមក លោកបណ្ឌិតបានជួយរំដោះសិស្សនិស្សិតដែលជាប់គាំងនៅប្រទេសអាប៊ីសាអូឌីត ក្នុងអំឡុងរីករាលជំងឺកូវីដ១៩ ចំនួន៨៥នាក់ រំដោះសិស្សនិស្សិតចេញពីប្រទេសផ្សេងៗ ដែលមានសង្គ្រាម ថ្មីៗនេះក៏បានជួយរំដោះសិស្សនិស្សិតចំនួន៦នាក់ ចេញពីប្រទេសសូដង់ ដែលជាទីកំពុងមានសង្គ្រាម និងជួយដោះស្រាយបញ្ហាផ្សេងៗទៀត ដែលបងប្អូនខ្មែរឥស្លាមមានបញ្ហា ទាំងនៅក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ដល់អតីតនិស្សិត សិស្សនិស្សិតទាំងអស់ ដែលបន្តស្នើសុំអង្គការមូលធិអភិវឌ្ឍមុស្លិមកម្ពុជា ក្នុងការដឹកជញ្ជូនសៀវភៅគីបតាបទាំងអស់នេះមកកម្ពុជា ដើម្បីសហគមន៍ឥស្លាមទាំងមូល ហើយលោកសង្ឃឹមថា តាមរយៈសៀវភៅសិក្សានេះ សិស្សនិសិ្សតនឹងទទួលនូវចំណេះវិជ្ជារឹតតែជ្រៅជ្រះ និងច្បាស់លាស់ យកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការរួមចំណែក អភិវឌ្ឍវិស័យអប់រំ និងសាសនា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចៀសវាងការបង្កបញ្ហានានា នៅតាមសហគមន៍។

សូមជម្រាបជូនថា យោងតាមរបាយការណ៍លោក អាប់ឌុលរ៉ស់ម៉ាន់ មូសា បានឲ្យដឹងថា បច្ចុប្បន្នសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសអាប៊ីសាអូឌីត មានចំនួនសរុបទាំងអស់ចំនួន១៨៥នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន៧នាក់៕