(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះហត្ថលេខាយល់ព្រមទៅតាមការស្នើសុំរបស់សាខាកាំកុងត្រូលខេត្តតាកែវ ដោយទាមទារឲ្យមានបញ្ឈប់សិប្បកម្មផលិតស្ករត្នោត២៥ទីតាំង ក្នុងស្រុកបាទី តាមរបៀបកែច្នៃវត្ថុធាតុដើមដែលមិនមែនជាទឹកត្នោត។
យោងតាមរបាយការណ៍ របស់សាខាកាំកុងត្រូលខេត្តតាកែវ ដែលបានផ្ញើជូនលោកអភិបាលខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០១៦កន្លងទៅនេះ សាខាកាំកុងត្រូលខេត្តតាកែវ បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម និងអាជ្ញាធរស្រុកបាទី បានចុះទៅត្រួតពិនិត្យមើលសិប្បកម្មផលិតស្ករត្នោត២៥ទីតាំង ស្ថិតនៅក្នុងភូមិលំពង់ ឃុំកុមារាជា ស្រុកបាទី ដោយលទ្ធផលនៃការត្រួតពិនិត្យ គឺបានបង្ហាញថា ស្ករត្នោតនេះ គឺបានកែច្នៃពីស្ករសធ្វើជាស្ករត្នោត ដែលអាចសន្និដ្ឋានថា ជាស្ករត្នោតក្លែងបន្លំវត្ថុធាតុដើម។
បើតាមសេចក្ដីសន្និដ្ឋានតាមរបាយការណ៍ខាងលើ ការក្លែងបន្លំនេះ គឺខុសនឹងច្បាប់ស្ដីពីការគ្រប់គ្រង់ គុណភាព សុវត្ថិភាព ផលិតផល ទំនិញ និងសេវាត្រង់មាត្រា១៦ ១៧ ១៨ ១៩ និងមាត្រា២១ ព្រមទាំងប៉ះពាល់ ដល់ការរកទទួលទាន មិនស្មោះត្រង់ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ អ្នករកទទួលទានត្រឹមត្រូវ។
មន្រ្តីសាខាកាំកុងត្រូល ក៏បានសំណូមពរ២ចំណុចផងដែរទី១-សុំបញ្ឈប់ការផលិតស្ករត្នោត តាមរបៀបកែច្នៃវត្ថុធាតុដើម ដែលមិនមែនជាទឹកត្នោត និងទី២-ក្នុងករណីដែលម្ចាស់សប្បកម្មនៅតែបន្តការផលិត កែច្នៃវត្ថុធាតុដើម មិនមែនជាទឹកត្នោត ត្រូវប្រើប្រាស់ឈ្មោះសមស្របលើសំបកវេចខ្ចប់ទំនិញមានន័យថា មិនប្រើឈ្មោះជាស្ករត្នោត នោះទេ។ ដើម្បីឆ្លើយតបតាមការស្នើសុំខាងលើនេះលោក ឡាយ វណ្ណៈ បានសម្រេចចុះហត្ថលេខាយល់ព្រម ឲ្យបញ្ឈប់សប្បកម្ម២៥កន្លែង ដែលបានផលិតស្ករត្នោត តាមរបៀបកែច្នៃដែលមិនមែនជាទឹកត្នោតនេះ៕