(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង២,៨០០នាក់ សម្រាប់ចូលរួមជាមួយកម្លាំងអាជ្ញាធរ អាវុធហត្ថ និងយោធា​ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងទៅនឹងផែនការពារការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ក្រោមការបញ្ជាក់ផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការច្បាស់លាស់ដោយប្រើប្រាស់កម្លាំងសរុបប្រហែល ២,៨០០នាក់»

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា សម្រាប់ផែនការនេះ គឺត្រូវបានបែងចែកតួនាទី ភារកិច្ច ទៅតាមជំនាញ ព្រមទាំងកម្លាំងពាក់ព័ន្ធនានា ដើម្បីទទួលខុសត្រូវតាមអ្វីដែលបានកំណត់រៀងៗខ្លួន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា សម្រាប់ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ កម្លាំងដែលបានរៀបចំនៅតាមទីតាំងការប្រកួត, ទីតាំងស្នាក់នៅ, តាមតម្លាយផ្លូវ ព្រមទាំងនៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ដែលគណៈប្រតិភូ ក៏ដូជាអត្តពលិក ដែលមានបំណងទៅទស្សនា និងចូលរួមនៅតាមទីកន្លែងកម្សាន្តនានា។

លោកបានថ្លែងថា ក្រៅពីកម្លាំងជំនាញជាង២ពាន់នាក់នេះ ក៏មានត្រៀមរួចជាស្រេចកម្លាំងអន្តរាគមន៍របស់ខណ្ឌ ព្រមទាំងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីត្រៀមចេញអន្តរាគមន៍នៅពេលមានបាតុភាពផ្សេងៗ កើតឡើង។ បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា ក្រៅពីការងារស្នូលខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងរៀបចំសណ្តាប់ធ្នាប់ ​និងចរាចរណ៍ ដើម្បីរៀបចំចរាចរណ៍ឱ្យបានរៀបរយ នៅថ្ងៃបើក និងថ្ងៃបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្រាប់ការងារចរាចរណ៍នេះ ជាកិច្ចការងារដែលត្រូវទទួួលដ៏សំខាន់ ដើម្បីបញ្ចៀសការកក់ស្ទុះនៅជុំវិញការប្រកួត និងស្តារមរតកតេជោ ជាដើម។

កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC, នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារសន្តិសុខសុវត្ថិភាព សម្តេចតេជោ នាយករដ្ឋមន្រ្តី, នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដកស្រង់បទពិសោធន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប្រជុំផ្សព្វផ្សាយផែនការឧបសម្ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយសង្ឃឹមថា កម្លាំងគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ របស់យើងសហការគ្នាកាន់តែល្អ កាន់តែរឹងមាំ ជាពិសេសក្លាយជាកម្លាំងមួយដ៏រឹងមាំរបស់រាជរដ្ឋាភិបាល។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

កម្ពុជាមានប្រតិភូកីឡាចូលរួមប្រកួតសរុប ៣៤៣នាក់ ក្នុងនោះអត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់៕