(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តន៍មកមាតុភូមិកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ពីព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។
ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌា ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ ក្នុងទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនទាំងពីរ៕