(ភ្នំពេញ)៖ សមត្ថភាពខ្លាំងជាងមុន ប្រសិទ្ធភាពត្រូវបានបង្កើន ដើម្បីឆ្លើយតបចំពោះការរីកលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន AirAsia បានចុះហត្ថលេខាលើការបញ្ជាទិញ ជាក់លាក់មួយនូវយន្តហោះដឹកអ្នកដំណើរ A321neo ចំនួន១០០ គ្រឿង។
កិច្ចសន្យានេះត្រូវបានប្រកាសនៅ Farnborough Airshow ដោយប្រធានក្រុមនាយកប្រតិបត្តិ AirAsia លោក Tony Fernandes រួមជាមួយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Fabrice Brégier។
កិច្ចសន្យានេះតំណាងឱ្យការបញ្ជាទិញលើកទីមួយរបស់ AirAsia សម្រាប់យន្តហោះធំជាងគេក្នុងត្រកូល A320 ដែលលក់ដាច់បំផុតនេះ។ ដោយអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២៣៦នាក់ យន្តហោះ A321neo នឹងជួយបង្កើនសមត្ថភាព របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដោយផ្តល់តម្លៃប្រតិបត្តិការដ៏ទាប នៅក្នុងប្រភេទយន្តហោះ ដែលមានច្រកដើរតែមួយ។
ការប្រកាសនេះបង្ហាញថា ចំនួនសរុបនៃការបញ្ជារទិញគ្រួសារ A320 ដោយ AirAsia កើនឡើងដល់ ៥៧៥ គ្រឿង ហើយដែលបញ្ជាក់ជាថ្មីអំពីឋានៈរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក្នុងនាមជាអតិថិជនធំជាងគេបំផុត សម្រាប់ខ្សែសង្វាក់ផលិតកម្មយន្តហោះ ដែលមានច្រកដើរតែមួយ។ គិតត្រឹមថ្ងៃនេះ មានយន្តហោះប្រភេទ A320s ចំនួន ១៧០ គ្រឿងហើយដែលត្រូវបានបញ្ជូន មកដល់ក្រុមហ៊ុនអាកាសចរណ៍នេះ ហើយដែលកំពុងហោះហើរនៅក្នុងប្រទេស ម៉ាឡេស៊ី ថៃ ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។
លោក Tony Fernandes ដែលជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia បានឲ្យដឹងថា «បច្ចុប្បន្ន ក្នុងមួយថ្ងៃ AirAsia Group ធ្វើប្រតិបត្តិការជិត ១,០០០ ជើងទៅកាន់ទិសដៅធ្វើដំណើរជាង ១២០ ទីតាំងនៅក្នុងប្រទេសចំនួន ២៤។ យើងបានបង្កើតកំណត់ត្រាកត្តាផ្ទុកដ៏រឹងមាំ ៨៥% នៅត្រីមាសទីមួយឆ្នាំ ២០១៦ ដោយមានពិន្ទុកើនឡើង ៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយយើងមានទំនុកចិត្តយ៉ាងខ្ពស់ក្នុងការរក្សាសន្ទុះនេះ។ យន្តហោះ A321neo នឹងជួយយើងឱ្យឆ្លើយតបបានទាំងស្រុងចំពោះតម្រូវការដ៏ខ្ពស់ រួមទាំងការកាត់បន្ថយតម្លៃក្នុងមួយ Available Seat Kilometre (រង្វាស់សមត្ថភាពផ្ទុកអ្នកដំណើរ) បន្ថែមទៀតសម្រាប់អតិថិជនរបស់យើង។ យើងសូមអបអរក្រុមហ៊ុន Airbus ចំពោះការផលិតយន្តហោះប្រភេទ A321neo ទំនើបចុងក្រោយគេដែលអាចឆ្លើយតប ចំពោះតម្រូវការសម្រាប់ប្រសិទ្ធភាព ប្រតិបត្តិការរបស់យើង»។
លោក Fernandes បានបន្ថែមទៀតថា «A321neo នឹងត្រូវធ្វើប្រតិបត្តិការ នៅលើផ្លូវហោះហើរពេញនិយមជាងគេរបស់យើង និងជាពិសេសនៅអាកាសយានដ្ឋាន ដែលមានបញ្ហាផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ វានឹងអនុញាតឱ្យយើងដឹកជញ្ជូន អ្នកដំណើរកាន់តែច្រើននៅក្នុងជើងតែមួយ ដែលនេះក៏ជាការផ្តល់អត្ថប្រយោជន៍ ដល់អាកាសយានដ្ឋានដែរ។ ក្នុងចំណោមអត្ថប្រយោជន៍នានា ក៏មានរួមបញ្ចូលផងដែរនូវ ប្រសិទ្ធភាពប្រតិបត្តិការ កំណើនចំណូលពីសេវាអតិថិជន និងការជាវទំនិញរាយនៅអាកាសយានដ្ឋាន។ យើងនឹងបន្តរក្សាពេលវេលាដែលត្រូវចំណាយត្រឹម ២៥ នាទី ជាមួយនឹងការឡើងយន្តហោះ ២ ឬ ៣ ដំណាក់កាលដែលអាចធានា ចំពោះការប្រតិបត្តិទាន់ពេលវេលារបស់យើង»។
លោក Fabrice Brégier ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Airbus បានថ្លែងថា «យើងរីករាយក្រៃលែងដែលទទួលបានការបញ្ជាទិញបន្ថែមទៀតពី AirAsia»។
លោកថា «នេះជាសមិទ្ធិផលដ៏រឹងមាំមួយទៀតសម្រាប់សមាជិកគ្រួសារយន្តហោះដែលមានច្រកដើរតែមួយដ៏ធំជាងគេរបស់យើង ហើយដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនឈានមុខគេយ៉ាងពិតប្រាកដនៅក្នុងប្រភេទយន្តហោះដែលមានកៅអីអង្គុយលើសពី ២០០។ យើងរង់ចាំមើល A321neo ហោះហើរដោយពណ៌របស់ AirAsia ហើយរួមចំណែកជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នេះបន្តភាពជោគជ័យក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបឈានមុខគេលើពិភពលោក»។
គ្រួសារ A320 គឺជាយន្តហោះមានច្រកដើរតែមួយ ដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោកដោយមានការបញ្ជារទិញជិត ១២,៦០០ គ្រឿងហើយចាប់ពីបង្ហាញវត្តមានលើទីផ្សារមក និងមានជាង ៧,១០០ គ្រឿងត្រូវបានបញ្ជូនទៅដល់ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយយន្តហោះប្រភេទ 320 នៅទូទាំងពិភពលោក។ គ្រួសារ A320neo បានបញ្ចូលបច្ចេកវិទ្យាទំនើបចុងក្រោយគេដែលរួមមាន ម៉ាស៊ីនជំនាន់ថ្មី និងឧបករណ៍ចុងស្លាប Sharklet ដែលទាំងពីរនេះរួមគ្នាជួយសន្សំប្រេងឥន្ធនៈជាង ១៥% នៅថ្ងៃទីមួយ និង ២០% នៅឆ្នាំ ២០២០ ជាមួយនឹងការច្នៃប្រឌិតផ្ទៃខាងក្នុងបន្ថែមទៀត៕