(បាត់ដំបង)៖ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ចំនួន ៤៩គ្រួសារ ដែលទើបទទួលបានសិទ្ធ ស្របច្បាប់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាន់កាប់ដីធ្លីទំហំ ៥,៧៧១ ម៉ែត្រការ៉េ នៅលើទីតាំងបុរីកម្មករ នៃរោងចក្រតម្បាញសំពត់ ខេត្តបាត់ដំបង នាពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នេះ។

នៅក្នុងដំណើរអញ្ជើញ​សួរសុខទុក្ខនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានពាំនាំនូវនៅសេចក្តីនឹករឭក និងការសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា​ជូនប្រជាពលរដ្ឋ មិនថាទីជិត ឬទីឆ្ងាយ។

ជាក់ស្តែង ចំពោះករណីប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ភាគច្រើនជាអតីតគ្រួសារកម្មករ ដែលបានរស់នៅលើដីបុរីកម្មករ នៃរោងចក្រតម្បាញសំពត់ ខេត្តបាត់ដំបង ជាទ្រព្យសម្បត្តិរដ្ឋ ក្នុងបញ្ជីសារ​ពើភណ្ឌ​របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ត្រូវបាន សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រេចប្រគល់សិទ្ធ​ស្របច្បាប់ ជូនពួកគាត់ទាំង ៤៩​គ្រួសារ កាន់កាប់លើដីដែលពួកគាត់ កំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

ថ្លែងក្នុងឱកាសនោះដែរ លោក ចម ប្រសិទ្ធ បានលើកឡើងថា ការមានកម្មសិទ្ធដីធ្លីស្របច្បាប់ ប្រជាពលរដ្ឋមានលំនឹងផ្លូវចិត្ត អាចប្រកបរបរចិញ្ចឹមជីវិត ដោយស្ងប់អារម្មណ៍ និងមានពេលវេលា​គ្រប់គ្រាន់ គិតគូពីការរកទទួលទាន លែងមានការព្រួយបារម្មណ៍ ក្នុងចិត្តពីការបាត់បង់ទីជម្រក ហើយធ្វើអោយជីវភាពកាន់ប្រសើរ។

ជាការឆ្លើយតប ប្រជាពលរដ្ឋទាំង ៤៩ គ្រួសារ ដែលបានទទួលសិទ្ធកាន់កាប់ដីស្របច្បាប់ ពីរាជរដ្ឋាភិបាល បានសម្តែងនូវសេចក្តីសប្បាយរីករាយ ជាពន់ពេក និងសូមថ្លែងនូវអំណរគុណ​យ៉ាងជ្រាលជ្រៅ ​តាមរយៈលោក ចម ប្រសិទ្ធ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋ៕