(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានធ្វើសកម្មភាពប្លន់អ្នកលក់មាស នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងខេត្តកណ្ដាល, កំពង់ចាម និងខេត្តកំពង់ស្ពឺ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់សរុបចំនួន៨នាក់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា បន្ទាប់ពីចាប់ខ្លួនកម្លាំងជំនាញបានបង្ហាញ មុខជនសង្ស័យទាំង៨នាក់ ជាសាធារណៈនៅថ្ងៃនេះ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ។

លោកបញ្ជាក់ទៀតថា បន្ទាប់ពីស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យដែលចាប់ខ្លួនបាន រួមមាន៖ ទី១៖ឈ្មោះ សុខ សំណាង ហៅអាង ហៅ៥៥, ទី២៖ឈ្មោះ យី បូឡី ហៅ៧៤, ទី៣៖ឈ្មោះ គឹម សុធារ៉ា ហៅគឹម ចិន្តា ហៅ គឹម វាសនា ហៅផល ធារ៉ា ហៅផេង ហៅហ្វី ហៅ៧៧, ទី៤៖ឈ្មោះ ចាន់ តាក់ ហៅជា ហៅ៦៨, ទី៥៖ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣, ទី៦៖ឈ្មោះ ម៉ៅ មន អាយុ៣៥ឆ្នាំ, ទី៧៖ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅសុង និងទី៨៖ឈ្មោះ កាយ គឹមលីន ហៅ លីន។

វត្ថុតាងចាប់យក ស្បែកជើងប៉ាតាពណ៌ខ្មៅចំនួន១គូ, អាវសាច់ក្រណាត់ពណ៌ក្រហម, ខោជើងវែងពណ៌ទឹកដោះគោ, មួកសុវត្ថិភាពណ៌ខ្មៅចំនួន១ និងក្រមាពណ៌ក្រហម, អាវុធខ្លីម៉ាក K៥៩ ចំនួន៣ដើម, អាវុធខ្លីម៉ាក CF៩៨ ចំនួនមួយដើម, គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន១០គ្រាប់, គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន១៨គ្រាប់, ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ1V-9631 ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1O-2162, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GK- 7277 ចំនួន១គ្រឿង, រ៉ឺម៉កម៉ូតូ ពណ៌ក្រហម, គ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក)។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕