(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសម្លេងស្រ្តីក្រុមប្រឆាំងម្នាក់ ដែលខឹងសម្បារក្រុមរបស់ខ្លួនផ្ញើព័ត៌មានសំងាត់ជូនសម្តេចតេជោ បន្ទាប់សម្តេចបង្ហាញសំឡេងរបស់ «ឆាំ ឆានី» និយាយនៅក្នុងកិច្ចប្រជុំសំងាត់មួយ។

ភ្ជាប់ជាមួយសារសម្លេងសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «បើកុំតែជាប់រវល់ម្ល៉េះសំដីលោកស្រី ត្រូវឲ្យលោកស្រីស្តាប់វិញ តាំងជាង២ម៉ោងមុនម្ល៉េះ។ ដោយសារក្រុមរបស់លោកស្រីជាប្រភេទតិរច្ឆាន បែបនេះហើយទើបមានមនុស្សមិនពេញចិត្ត។ សូមស្តាប់សំដីលោកស្រីឡើងវិញ តើសាកសមជាស្រី ឬជាញី»

សូមជំរាបថា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយសារសំឡេងមួយ​របស់ «ឆាំ ឆានី» សកម្មជនរបស់ក្រុមប្រឆាំង ជ្រុលនិយមក្រៅប្រទេស ដែលណែនាំឱ្យ​ធ្វើសកម្មភាពញុះញង់អុជអាលបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបំផ្លាញដំណើរការបោះឆ្នោតនៅកម្ពុជា។

ក្នុងសារសំឡេងនោះ ឆាំ ឆានី ក៏បានណែនាំឱ្យមានការនិយាយបំផុសប្រជាពលរដ្ឋកុំឱ្យ​ទៅ​បោះឆ្នោត ឬគូសសន្លឹកឆ្នោតចោលក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាង​រាស្ត្រ​នាពេលខាងមុខនេះ៕