(ភ្នំពេញ)៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាចោរកាប់ប្លន់ម៉ូតូ និងលួចកាបូបយ៉ាងសកម្ម ចំនួន៣នាក់ ដែលការឃាត់ខ្លួននេះបានធ្វើឡើងនៅទីកន្លែងផ្សេងពីរគ្នា។

ក្នុងនោះសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលខណ្ឌកំបូល ឃាត់ខ្លួនបានកាលពីវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិគោកព្រិច និងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ខណៈកំពុងលេងល្បែងហ្គេមបាញ់ត្រី នៅក្នុងទីតាំងណេតមួយកន្លែង ស្ថិតនៅភូមជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងចំណោមជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានស្គាល់តែម្នាក់ប៉ុណ្ណោះគឺឈ្មោះ ផាន សម្បត្តិ អាយុ៣២ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំណែកឯបក្ខពួក២នាក់ទៀត ពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ។ ក្រុមនេះជាមុខសញ្ញាកាប់ប្លន់ម៉ូតូ ឆបោកម៉ូតូ និងលួចកាបូបលុយយ៉ាងសកម្ម ដោយកាលពីពេលថ្មីៗនេះបានធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋប្លន់យកម៉ូតូ១គ្រឿង នៅជិតវត្តពោធិ៍វ័ន ភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ ហើយកំណត់បានមុខសញ្ញាជនសង្ស័យ លុះដល់វេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ចុះឃាត់ខ្លួនបាន២នាក់។ ដោយឡែកបក្ខពួកម្នាក់ទៀតឈ្មោះ ផាន សម្បត្តិ បានទៅធ្វើសកម្មភាពឆបោកម៉ូតូមួយគ្រឿង ពីមិត្តភក្ដិម្នាក់យកទៅឲ្យបក្ខពួក២នាក់ខាងលើជិះ បន្ទាប់មកម្ចាស់តាមរកឃើញក៏ប្ដឹងនគរបាល ប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយចាប់ខ្លួនបាននៅក្នុងទីតាំងណេតមួយកន្លែងនៅភូមិជម្ពូវ័ន។

ជនរងគ្រោះដោយអំពើកាប់ប្លន់ម៉ូតូនៅជិតវត្តពោធិ៍វ័ននោះ ពុំទាន់ត្រូវបានស្គាល់ឈ្មោះទេ ចំណែកជនរងគ្រោះដោយការឆបោកម៉ូតូឈ្មោះ ហ៉ឺ ហេងលាភ អាយុ៣០ឆ្នាំ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូរបស់គាត់ម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1CW-4379 ហើយត្រូវនគរបាលដកហូតយកមកប្រគល់ជូនគាត់វិញហើយ។

កាលពីវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ខណៈជនរងគ្រោះកំពុងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានទៅខ្ចីម៉ូតូជិះ ដោយប្រាប់ថា ជិះទៅផ្ទះមួយភ្លែតប៉ុណ្ណោះហើយក៏យកទៅបាត់រហូតតែម្ដង។

បន្ទាប់មកដោយដឹងថា ចាញ់បោកជនសង្ស័យ ជនរងគ្រោះបានតាមរកគ្រប់កន្លែង រហូតដល់វេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ទើបរកឃើញជនសង្ស័យកំពុងលេងល្បែងហ្គេមបាញ់ត្រី នៅក្នុងទីតាំងណេតមួយកន្លែងស្ថិតនៅភូមជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយឃាត់ខ្លួនតែម្ដង៕