(ភ្នំពេញ)៖ តាមរយៈលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្ដិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា កុមារគឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី, រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្ម ពេញលេញ និងស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឲ្យកត់សម្គាល់ដែលនេះ ជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ កុមារប្រមាណ ៩៤%នៃកុមារទាំងអស់ដែលមានអាយុ០-៤ឆ្នាំ មានសំបុត្រកំណើត។ ភាគរយនេះ គឺមានកម្រិតខ្ពស់បំផុតនៅរាជធានីភ្នំពេញ ប្រមាណជិត ៩៤% នៅទីប្រជុំជនផ្សេងៗ មានជិត៩៧% និងនៅតំបន់ជនបទមានជិត ៩៣%។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ រួមទាំងវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតប របស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀនការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំ ក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់បញ្ចូលនូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ទៅក្នុងកម្មវិធីសិក្សានិងប្រព័ន្ធអប់រំ ដើម្បីឲ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមបរិបទថ្មីសាកលភាវូបនីយកម្ម។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយជាតិគាំពារសង្គម និងកំពុងជំរុញការអនុវត្តគោលនយោបាយនេះ ដល់ជនជាតិដើមភាគតិច ដើម្បីលើកកម្ពស់សុខុមាលភាពសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ ឲ្យបានជាអតិបរមា។

ប្រព័ន្ធជំនួយសង្គមបានផ្តល់ការគាំពារ ដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់នៃភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះជនពិការ ជនចាស់ជរាគ្មានទីពឹង។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្រ្តីនិងកុមារ។

លើសពីនេះទៅទៀត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំលុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងកំលុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបផងដែរថា ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជាឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធឡើង ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្ដិភាព ក្នុងយុគសម័យឌីជីថល និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «យុត្ដិធម៌សង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្ដសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្ដទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ៕