(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញក្នុងផ្សារចំនួន៣ ក្នុងស្រុកមង្គលបូរី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ និងរកឃើញទំនិញខូចគុណភាពមួយចំនួន ដើម្បីយកទៅកម្ទេចចោល។
លោក ហុង លាង អនុប្រធានទទួលបន្ទុកស្ថិតិ និងទីផ្សារបានឲ្យដឹងថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត ដូច្នេះលោកបានដឹកនាំមន្ដ្រីមន្ត្រីជំនាញ សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យទំនិញក្នុង ផ្សារបន្ទាយនាង ផ្សារអូរស្ងួត និងផ្សារមង្គលបូរី ជាលទ្ធផលមន្ដ្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួនដូចជា កម្ទេចមី១៧៧កញ្ចប់ ស្មើរនឹង១៣០គីឡូក្រាម ទឹកសណ្ដែក៦ដប ទឹកក្រូច៥ដប ប្រហិតវៀតណាម៥ថង់ ម្សៅអូវ៉ាន់ទីន១១០០កញ្ចប់ ស្មើរនឹង៥៥គីឡូក្រាម ស្ករគ្រាប់២៧កន្ទះ ដើម្បីយកទៅដុតកម្ទេចចោលផងដែរ។ លោកបន្ដថា ចំណែកនៅក្នុងផ្សារមង្គលបូរី មិនរកឃើញទំនិញខូចគុណភាពនោះទេ ព្រោះអាជីវករមានការយល់ដឹងខ្ពស់ ចំពោះផលប៉ះពាល់ នៃការប្រើប្រាស់ទំនិញដែលខូចគុណភាព។
ក្រៅពីការចុះធ្វើការត្រួតពិនិត្យនេះ លោកក៏បានពន្យល់ ណែនាំដល់បងប្អូនអាជីវករផងដែរ អំពីផលប៉ះពាល់ក្នុងការទទួលទានទំនិញខូចគុណភាព៕