(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ក្រសួងទេសចរណ៍បានបន្តផ្សព្វផ្សាយ និងណែនាំបណ្ដុះបណ្ដាលដល់អាជីវកម្មលក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវ។

ក្នុងឱកាសចុះផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ក្រសួងទេសចរណ៍បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវ ដូចតទៅ៖

* រៀបចំសោភ័ណភាពអាជីវកម្មរបស់ខ្លួន ដោយឆ្លុះបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។

* ចូលរួមរក្សានូវសណ្តាប់ធ្នាប់យកចិត្តទុកដាក់ខ្ពស់លើអនាម័យម្ហូបអាហារដែលដាក់លក់ដូរជាប្រចាំ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។

* មានដាក់តាំងបញ្ជីរាយនាមសេវាកម្មជា៣ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាទីបីណាមួយ និងស្របតាមខ្លឹមសារប្រកាសលេខ ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍។

* ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ មិនត្រូវតម្លើងថ្លៃសេវាកម្មរបស់ខ្លួន ឬដោយពុំមានហេតុផលច្បាស់លាស់។

* និងចូលរួមអនុវត្តតាមសារាចរណែនាំលេខ ០០៥ ស្ដីពីការពង្រឹងគុណសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានចែកជូនអាវក្រណាត់សម្រាប់ពាក់ការពារ និងរក្សាអនាម័យពេលចម្អិនម្ហូបដល់អ្នកលក់ដូរតាមដងផ្លូវដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងជូនទៅមន្ទីរទេសចរណ៍សម្រាប់ចែកជូនបន្ដចំនួន២៥០អាវក្នុងមួយគោលដៅ៕