(កំពង់ស្ពឺ)៖ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោក រឿន រិទ្ធីរ័ត្ន នាយបេឡាជាតិ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកថវិកាចំនួនជិត៣០០លានរៀល ជូនដល់អតីតយុវជន សមាជិកអតីតយុទ្ធជនចំនួន៦៥គ្រួសារ មកពីស្រុកទាំងអស់ទូទៅខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី លោកវរសេនីយ៍ឯក សោម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តតំណាងលោក ជូ សារុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក រឿន រិទ្ធីរ័ត្ន បានឱ្យដឹងថា «ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូនជាប្រពន្ធ ជាកូន ជាម្តាយ នេះ ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនបងប្អូន ជាអតីតយុវជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិ»។
លោកបានប្តថា បងប្អូនដែលជាអតីតយុវជន បើមានបញ្ហាលំបាកផ្នែកណាមួយ ជាពិសេសមានចម្ងល់លើការបើកប្រាក់សហសង្គ្រោះ ប្រាក់និវត្តជន ប្រាក់បាត់បង់សមត្ថភាព និងការងារ ត្រូវប្រាប់បញ្ហានេះមកក្រុមការងារ របស់បេឡាជាតិដើម្បីយករឿងនេះ មកដោះស្រាយជូន ។
ក្រោយពីបានប្រកាសចូលកាន់តំណែង ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ដើម្បីឆ្លើយតបនូវគុណបំណាច់ និងផ្តល់ជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបង្កើតឡើងសមាគម អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងទ្រទ្រង់ ទាំងផ្នែកជីវភាព ទីជំរកស្នាក់នៅ ប្រាក់បៀវត្សន៍ ដល់យុទ្ធមិត្តដែលបានបាត់បង់កាយសម្បទា មិនអាចបំពេញកិច្ចការបន្តទៀតបាន។
លោកបានបេជ្ញាថា នឹងខិតខំបន្ត ការប្រមូលផ្តុំចលនា កៀងគរកចំណូលមកជួយគាំទ្រសមាគមន៍ ឲ្យមានភាពរលូន រីកចម្រើន ឲ្យបងប្អូនទទួលបានប្រាក់ជួយសង្គ្រោះ ទាន់ពេលវេលា។ បន្តដឹកនាំសមាគមន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍ ខិតខំពង្រឹងការអភិវឌ្ឍសមាគមន៍ឲ្យមានការ រីកចម្រើន និងដំណើរការមានភាពប្រសើរ ។ ជាពិសេសខិតខំដោះស្រាយប្រាក់បេឡាមរណៈ សង្គ្រោះជូនអតីតគ្រួសារយុទ្ធជន ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋជា គ្រួសារអតីតយុទ្ធជន ក្នុងស្មារតីមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា»៕