(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងត្រូវ«ស្វាគមន៍ដោយគុក» ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យពួកគេបំផ្លាញសន្តិសុខ និងស្ថេរភាពជាតិនោះទេ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមកុំរញ៉េរញ៉ៃជាមួយបាតុកម្មស្អីៗកុំរញ៉េរញ៉ៃ ខ្ញុំបានផ្តល់សារហើយ សារខ្ញុំនៅតែមានតម្លៃ សូមបញ្ជាក់ ខ្ញុំមិនចាំបាច់ចេញសារទី២ទេ សារទី១ នៅតែមានតម្លៃ ហើយចាប់យកទាំងអស់ នរណាក៏ដោយដែលមកបំផ្លាញស្ថិរភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់យកទាំងអស់អត់មានទុកទេ»

សម្តេចបានបន្ថែមថា៖ «រឿងរបស់លោកឯង លោកឯងមកបំផ្លាញសន្តិសុខជាតិយ៉ាងម៉េច ហើយគេកំពុងធ្វើស៊ីហ្គេមទៀត ហើយថាបើមហាផ្ទៃមិនឱ្យធ្វើគឺនៅតែធ្វើ ខ្ញុំគ្រាន់តែបញ្ជាក់ថា គុកនឹងស្វាគមន៍»

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដាខាងមុខនេះឡើងវិញ។ ការព្រមានធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតាមគ.ជ.ប ដោយបដិសេធចំពោះបណ្តឹងគណបក្សភ្លើងទៀន។

សម្តេចតេជោ ហ៊ុ​ន សែន បានណែនាំទៅសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន កុំជឿតាមការញុះញង់រហូតដល់ជាប់ពន្ធនាគារជំនួសគេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើសិនជាមេដឹកនាំក្រុមប្រឆាំងចង់សាកល្បង សូមចេញមកធ្វើបាតុកម្មចុះ សម្តេចនឹងបញ្ជាឱ្យវាយខ្នោះភ្លាមៗ ហើយបញ្ជូនទៅឱ្យជាប់ពន្ធនាគារនៅឆ្ងាយពីរាជធានីភ្នំពេញ។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «នៅផ្ទៃក្នុងគេហ្នឹងអត់ត្រូវគ្នាទេ មិនមែនទាំងអស់គ្នាចង់ធ្វើបាតុកម្មទេ ប៉ុន្តែមានម្នាក់ដែលចង់ធ្វើបាតុកម្មនោះ ដល់ពេលផ្ទៃក្នុងគេមិនឱ្យធ្វើក៏រុញព័ត៌មានឱ្យផ្សាយតាមវិទ្យុបរទេស ឥឡូវលោកឯងប្រថុយធ្វើតាមការប្តេជ្ញាចិត្តទៅ ខ្ញុំក៏ប្រថុយធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្ញុំដែរ វ៉ៃខ្នោះលោកឯងបញ្ជូនទៅមន្ទីរឃុំឃាំង»