(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា បានសហការជាមួយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ នីតិវិធីនៃការដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ឋស្វ័យប្រវត្តិកម្ម ដើម្បីណែនាំលម្អិតពីបែបបទ និងលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីជាកម្មវត្ថុក្នុងការបំពេញកាតព្វកិច្ចរបបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ឋស្វ័យប្រវត្តិកម្ម ផ្សព្វផ្សាយជូនដល់សមាជិក សមាជិការបស់សមាគមស្បែកជើងកម្ពុជា ដែលបានអញ្ជើញចូលរួមផ្ទាល់ នៅសាល GC Life Insurance សរុបជាង ៥០រូប និងតាមប្រព័ន្ឋវីដេអូហ្សូមជាង ៨០រូប ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ដោយមានការអញ្ជើញចូលរួម ពីមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានដូចជា៖
១៖ លោក ខេម ប៊ុនឈាន ប្រធាននាយកដ្ឋានអធិការកិច្ចការងារ
២៖ លោក ឌីម ឧត្តម អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ
៣៖ លោក វង់ ពេជ្ររតនៈ ប្រធានការិយាល័យអធិការកិច្ចនិងសន្ដិសុខការងារទី៣។
គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៣៥៨/២១ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ឋស្វ័យប្រវត្តិកម្ម ម្ចាស់រោងចក្រ ឬសហគ្រាស ត្រូវបំពេញនូវព័ត៌មានក្នុងរបាយការណ៍ នៃរបបស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ឋស្វ័យប្រវត្តិកម្ម ចំនួន២លើកក្នុងមួយឆ្នាំ គឺលើកទី១ ក្នុងខែមិថុនា និងលើកទី២ ក្នុងខែធ្នូ នៃឆ្នាំនីមួយៗ ដោយលើកទី១នៃឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបើកដំណើរការប្រព័ន្ឋនេះ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ ដើម្បីអោយរោងចក្រ សហគ្រាស ធ្វើការអនុវត្តកាតព្វកិច្ចនេះ៕