(ភ្នំពេញ)៖ ដោយមើលឃើញពីភាពខ្វះខាត ប្រឈមនឹងបញ្ហាខ្វះអាវស សម្រាប់សិស្សានុសិស្សស្លៀកពាក់សិក្សា ក្រុមហ៊ុនយូនីលីវើ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ បានបើកយុទ្ធនាការមួយស្ដីពី «ផ្ដល់អាវស ផ្ដល់អនាគតត្រចេះត្រចង់» ដើម្បីចែកជូនអាវស ទៅដល់សិស្សានុសិស្ស ដែលយុទ្ធនាការនេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលអាវសិស្សបឋមសិក្សាចាស់ៗ ហើយបោកជម្រះភាពស្រអាប់ឲ្យភ្លឺចែងចាំងជាថ្មីម្ដងទៀត ដើម្បីចែកជូនដល់សិស្សដែលខ្វះខាត ចំនួន១ម៉ឺននាក់ មកពី២០០សាលា នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង កំពង់ចាម និងត្បូងឃ្មុំ។
លោក Fredy Ong អភិបាលក្រុមហ៊ុនយូនីលីវើ ប្រចាំកម្ពុជា និងឡាវ បានថ្លែងថា ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសាធារណជនបានធ្វើការផ្ដល់ជូនអាវសចំនួន២ម៉ឺនអាវ ជូនដល់សិស្សានុសិស្សចំនួន១ម៉ឺននាក់ មកពីសាលាបឋមសិក្សា ដែលមានការជួបលំបាក់។
លោកបន្ថែមទៀតថា ខ្លួនសង្ឃឹមថាកម្មវិធីនេះ នឹងចូលរួមចំណែកមួយ ក្នុងការជួយសង្គម និងប្រជាពរដ្ឋកម្ពុជា និងអភិវឌ្ឍធនធានមនុស្សកម្ពុជា ឲ្យទទួលបាននូវអានាគតភ្លឺត្រចេះត្រចង់ផងដែរ។
ជាមួយគ្នានេះដែរលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បានសំដែងនៅភាពរីករាយក៏ដូចជាអរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន យូនីលីវើ ដែលប្រព្រឹត្តិកម្មវិធីនេះក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការជួយ ទៅដល់រាជរដ្ឋាភិបាល ទៅលើវិស័យជាច្រើនទៀតផង។
សូមជម្រាប់ដែរថា យុទ្ធនាការនេះធ្វើឡើងរយៈពេល៣ខែ ដោយចាប់ពីខែកក្កដា រហូតដល់ខែតុលា ឆ្នាំ២០១៦ ហើយសម្រាប់សប្បុរសជន ឬអ្នកមានចំណាប់អារម្មណ៍ អាចចូលរួមក្នុការបរិច្ចាគអាវសអាវថ្មី ឬអាវដែលប្រើប្រាស់រួចមកហើយ និងថវិកា តាមរយៈការដាក់ក្នុងធុងបរិច្ចាគវិសូពិសេស ដែលមានចំនួន៤០កន្លែង ក្នុងផ្សារទំនើប Lucky, Aeon រួមទាំងផ្សារធំៗនៅក្នុងទីក្រុង ភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។
មួយវិញទៀតសប្បុរសជនអាចផ្ញើសារ ទៅកាន់លេខ៨៨២ នៃប្រព័ន្ធ Smart ដែលបរិច្ចាគទឹកប្រាក់ម្ដង១៥សេន។ សូមម្រាប់ព័ត៌មានបន្ថែមលោកអ្នក អាចចូលទៅកានគេហទំព័រ Facebook Viso Pises Cambodia ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីយុទ្ធនាការនេះ៕