(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ជាថ្ងៃកើតហេតុដែលលោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់មកគឺទណ្ឌិត សម រង្ស៊ី ដែលជាប់សង្ស័យថា នៅពីក្រោយខ្នងឃាតកម្មមួយនេះ តែងតែសកម្មក្នុងការចោទប្រកាន់លាបពណ៌មកលើរាជរដ្ឋាភិបាល ដោយគ្មានមូលហេតុច្បាស់លាស់ ក្នុងគោលបំណង កេងចំណេញនយោបាយ ជុំវិញហេតុការណ៍ដ៏គួរឲ្យសង្វេគមួយនេះ។
អ្នកវិភាគនយោបាយកម្ពុជា បានហៅការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ថា ជាការចោទប្រកាន់ដែលកើតចេញពីគំនុំ និងការសងសឹកកើតចេញ ពីការស្រេកឃ្លានអំណាចហួសពេក ខណៈខ្លួនរត់ចោលស្រុកទៅក្រៅប្រទេសមិនអាចធ្វើសកម្មភាពអ្វីបាន។ អ្នកវិភាគបានបន្តថា គ្មានផលចំណេញអ្វី សំរាប់គណបក្សកាន់អំណាច លើការស្លាប់របស់បណ្ឌិត កែម ឡី ទេមានតែការខាតបង់ ប៉ុន្តែការស្លាប់នេះមានផលចំណេញយ៉ាងច្រើនដល់គណបក្សប្រឆាំង ដែលអ្នកវិភាគសន្និដ្ឋានថា គណបក្សប្រឆាំងទំនងអាចជានៅពីក្រោយ។ តើមានមូលហេតុអ្វី?
ឃាតកម្មលោកបណ្ឌិត កែម ឡី កើតឡើងចំពេលដែលគាត់កំពុងកើនឡើងខ្លាំងនូវប្រជាប្រិយភាព ប៉ុន្តែគណបក្សសង្គ្រោះជាតិធ្លាក់សំយ៉ុងចុះក្រោម គឺថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពអ្វីបានទាល់តែសោះនាពេលនោះ។ មេបក្សលោក សម រង្ស៊ី រត់ចោលស្រុក ហើយថែមទាំងទៅសុំឲ្យ អន្តរជាតិផ្តាច់ជំនួយមកកម្ពុជាទៀត ដែលធ្វើឲ្យប្រជាប្រិយភាពធ្លាក់ចុះយ៉ាងគំហុក ចំណែកឯអនុប្រធានលោក កឹម សុខា វិញគិតថា ខ្លួននឹងក្លាយជាមេបក្ស សប្បាយចិត្តពេក ទៅវក់ជាមួយនឹងស្រី រហូតដល់បែកធ្លាយកើតរឿងប្រព្រឹត្តខុសនឹងច្បាប់ លាក់ខ្លួនពួនក្នុងទីស្នាក់ការបក្ស មិនហ៊ានចេញមកក្រៅ មិនហ៊ានធ្វើ សកម្មភាពអ្វីទាំងអស់។ ជាឱកាសល្អកំឡុងពេលនោះលោកបណ្ឌិត កែម ឡី បានដើរបញ្ចុះបញ្ជូលសកម្មជនគណបក្សសង្គ្រោជាតិ ឲ្យចូលមកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានរបស់លោកបានយ៉ាងច្រើន។
ទណ្ឌិត សម រង្ស៊ី បានចោទថា គណបក្សប្រជាជនកម្ពុជា ភ័យដោយដឹងថា លោក កែម ឡី នឹងមករួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិ នៅពេលជិត បោះឆ្នោតខាងមុខ ដែលវាមិនទំនងទាល់តែសោះ ព្រោះអ្នកគាំទ្រដែលលោកបណ្ឌិត កែម ឡី ប្រមូលបានសុទ្ធតែជាអតីតអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដោយពួកគាត់អស់ជំនឿទៅលើការគ្រប់គ្រង និងការបោកប្រាស់របស់ថ្នាក់ដឹកនាំគណបក្សមួយនេះ តើលោក កែម ឡី មានផលចំណេញអ្វី ដែលទៅចែកអំណាចឲ្យគណបក្សសង្គ្រោះជាតិ?។
សាកគិតថា ប្រសិនបើមានការរួបរួមពិតមែន លោក កឹម សុខា និងលោកបណ្ឌិត កែម ឡី ប្រាកដជាចែកអំណាចគ្នាធ្វើជាប្រធាន និងអនុប្រធានបក្ស បំភ្លេចចោលទណ្ឌិតរត់ចោលស្រុកឥតបានការ ដែលមានប្រជាប្រិយភាពតិចតួចហើយ ព្រោះកន្លងមកសកម្មភាពរបស់លោក សម រង្ស៊ី មិនបានធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សប្រឆាំងមួយនេះកើននោះទេ គឺមានតែបំផ្លាញឲ្យខ្ទេច ជាក់ស្តែងដូចជា ទៅសុំឲ្យអន្តរជាតិផ្តាច់ជំនួយ ឬថ្មីៗនេះទៅសុំឲ្យសហគមអ៊ឺរ៉ុបឈប់យកផលិតផលកាត់ដេរសម្លៀកបំពាក់ពីកម្ពុជាជាដើម។
គេបានដឹងយ៉ាងច្បាស់ថា លោក កែម ឡី មិនដែលមានមហិច្ឆតា ណាមួយចង់ធ្វើ ឬនឹកស្រមៃក្លាយជាមេដឹកនាំគណបក្សកាន់អំណាចទេ ពីព្រោះ ធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាសុទ្ធតែស្មោះត្រង់នឹងបក្ស និងជាអ្នកចេះដឹង មិនល្មោភអំណាច ឬកាប់សម្លាប់គ្នាដណ្តើមតួនាទីឡើយ។ ប៉ុន្តែ គណបក្សសង្គ្រោះវិញ អាចជាបំណងប្រាថ្នារបស់លោក កែម ឡី ខណៈបក្សប្រឆាំងមួយនេះ កំពុងស្ថិតនៅក្នុងស្ថានភាព «ពស់ដាច់ក្បាល និងដាច់ដងខ្លួន» ក្នុងន័យថា លោក សម រង្ស៊ី គ្មានឱកាសចូលស្រុកវិញបាន ហើយជីវិតនយោបាយរបស់លោក កឹម សុខា អាចនឹងឈានដល់ទីបញ្ចប់ដែរ ព្រោះតែការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលនឹងគ្មានសិទ្ធិឈរឈ្មោះធ្វើជាមេបក្សបានទៀតឡើយ។ នេះហើយជាឱកាសមាសរបស់លោកបណ្ឌិត កែម ឡី ហើយក៏អាចថា ខ្លាចលោកបណ្ឌិត កែម ឡី លាតត្រដាងនូវអាថ៌កំបាំងប្រាប់ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបស័ក្តិសមជាហេតុផលឡូហ្សិក សម្រាប់គេរារាំង៕
អត្ថបទដោយ៖ មុត វិភាគ