(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារចុះជួយ ខណ្ឌដូនពេញ និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខណ្ឌដូនពេញ រួមនិងមន្រ្តីក្រុមការងារជាច្រើនទៀត បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ សំភារបរិក្ខា និងបច្ច័យមួយចំនួន ដែលជាអំណោយរបស់ក្រុមការងារ និងលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៧ ក្នុងខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
សម្រាប់១វត្តៗ ទទួលបានទៀនព្រះវស្សា១គូរ, សាដក១កញ្ចប់, ប្រេងម៉ាស៊ូត៣០លីត្រ, ស្ករស១បាវ, ទឹកដោះគោ១កេស, ទឹកក្រូច៤កេស ទឹកសុទ្ធ៤កេស, មី៤កេស និងបច្ច័យ២២លាន១សែន១ម៉ឺនរៀល និង២១០ដុល្លារ។
លោក គួច ចំរើន បានលើកឡើងថា តាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងពិធីបុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទតែងតែនាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខាជាច្រើនទៀត ទៅប្រគេនព្រះសង្ឃនៅតាមបណ្តាលវត្តនានា ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រោះនេះជារដូវវស្សាដែលជារដូវមួយ សំបូរទឹកភ្លៀង ដែលព្រះសង្ឃមានការលំបាកនិមន្តបិណ្ឌបាត្រ និងម៉្យាងទៀតរដូវនេះក៏ជាពេលវេលាមួយ ដែលព្រះសង្ឃគង់នៅក្នុងវត្តដើម្បីសិក្សារៀនសូត្រធម៌អាថ៌។
លោកបានបន្តទៀតថា នៅក្នុងរដូវចូលវស្សាលោកបណ្ឌិត ហង់ ជួនណារ៉ុន និងក្រុមការងារទាំងអស់ តែងតែបាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងគ្រឿងសម្ភារបរិក្ខាមួយចំនួន ទៅប្រគេនតាមបណ្តាលវត្តនានា នៅក្នុងខណ្ឌមិនដែលខកខានឡើយ ដើម្បីរួមចំណែកសម្រាលការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្ត។
សម្តេចព្រះសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ ក្នុងព្រះនាមព្រះសង្ឃ គណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទចំណុះជើងវត្តទាំង៧ បានមានព្រះបន្ទូល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីក្រុមការងារចុះជួយខណ្ឌ លោកអភិបាលខណ្ឌ និងមន្តី្រសាលាខណ្ឌ ដែលបាននាំយកអំណោយមកផ្គត់ផ្គង់ ដល់ព្រះសង្ឃនាពេលនេះ។
នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ និងសិក្សារៀនសូត្រធម៌អាថ៌ ក្នុងរដូវចូលព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមាតាមពុទ្ធានុញ្ញាតិ៕