(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អ៊ូ មីយ៉ីនស៊ឺ (U Myint Soe) ឯកអគ្គរដ្ឋទូតមីយ៉ាន់ដែលទើបតែងតាំងថ្មី បានអះអាងថា ប្រទេសកម្ពុជា គឺជាមិត្តភ័ក្តិដ៏ល្អបំផុតរបស់ខ្លួន ហើយសន្យាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមការឱ្យដឹងពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង លោករដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយ លោក អ៊ូ មីយ៉ីនស៊ឺ នៅព្រឹកមិញ លោក ជុំ សុន្ទរី បាននិយាយថា នៅក្នុងជំនួបនោះ លោក អ៊ូ មីយ៉ីនស៊ឺ បានចាត់ទុកកម្ពុជាជាមិត្តភក្តិដ៏ល្អបំផុត ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ា មានបំណងរក្សាកិច្ចទំនាក់ទំនងនិងកិច្ច សហប្រតិបត្តិជាមួយកម្ពុជា ទាំងក្របខណ្ឌតំបន់ និងទ្វេភាគី។
លោកបានស្រង់សម្តីអគ្គរដ្ឋទូតភូមាថា រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមានបំណងពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានោះមីយ៉ាន់ម៉ា ក៏មានបំណងពង្រីកវិស័យ សេដ្ឋកិច្ចជាមួយកម្ពុជាផងដែរ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ ក្នុងនោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ និងដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតីមីយ៉ាន់ម៉ា មកកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីបទពិសោធន៍របស់កម្ពុជា គឺបទពិសោធន៏តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការសម្រេចឲ្យ បាននូវការបង្រួបបង្រួមជាតិ និងការរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា ហើយក៏ជាបទពិសោធន៍មួយ សម្រាប់ការបង្រួបបង្រួមជាតិនៅមីយ៉ាន់ម៉ា ហើយលោកទេសរដ្ឋ មន្ត្រីបានសរសើរ អំពីកំណែទម្រង់ និងការសំរេចបាននូវសេដ្ឋកិច្ច៨,៥% ដែលជាចំណុចមួយខ្ពស់បំផុតនៅក្នុងរង្វង់ប្រទេសអាស៊ាន។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានលើកឡើងពីការរីកចំរើនសេដ្ឋកិច្ច នៅកម្ពុជា ដោយបញ្ជាក់ថាការរីកចំរើនផ្នែកសេដ្ឋកិច្ចនេះ និងធ្វើឲ្យប្រទេសទាំងពីរ អាចពង្រីកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរនៅពេលអនាគត៕